លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងនៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នេះ ថា ក្រៅពីការប៉ះពាល់វត្ថុប្រើប្រាស់ដែលអ្នកជំងឺកូវីដ-១៩ បានកាន់រួចហុចបន្តមកបុគ្គលម្នាក់ទៀត តាមការពន្យល់ក្នុងវីដេអូឃ្លីបដែលបានផ្សព្វផ្សាយនោះ វីរុសកូវីដ-១៩ អាចចម្លងតាមក្រដាសប្រាក់ដែលមានប្រឡាក់ទឹករំអិលអ្នកជំងឺ ផងដែរ។
លោកស្រី ឱ វណ្ណឌីន ថ្លែងថា ប្រសិនបើបុគ្គលដែលមានវីរុសកូវីដ-១៩ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហើម ដូចជា សំបោរ ឬ ស្លេសទឹកមាត់ ឬ យកដៃខ្ទប់មាត់ពេលក្អកកណ្តាស់ ហើយមិនបានលាងដៃនឹងសាប៊ូ ឬ អាល់កុល ឬ ទឹកជែលសម្រាប់លាងដៃ ភ្លាមៗ ទេនោះ រួចយកដៃនោះមកកាន់ក្រដាសប្រាក់ គឺ វីរុសកូវីដ-១៩ នឹងតោងលើក្រដាស់ប្រាស ហើយក្រដាសប្រាក់នោះ បានហុចបន្តទៅបុគ្គលម្នាក់ទៀត នៅពេលដែលបុគ្គលនោះចាប់កាន់ក្រដាសប្រាក់ វីរុសកូវីដ-១៩ នឹងតោងមកដៃបុគ្គលនោះ ហើយបុគ្គលនោះ យកដៃដែលកាន់ក្រដាសប្រាក់មានវីរុសនេះ មកប៉ះច្រមុះ មាត់ ភ្នែក ជាដើម ដែលធ្វើអោយមានការចម្លងបានលឿនជាទីបំផុត។
អ្នកនាំពាក្យក្រសួងសុខាភិបាល រូបនេះ បន្តថា បន្ទាប់មក ក៏មានការចម្លងបន្តៗគ្នា ប្រសិនបើមិនបាន លាងដៃ ពាក់ម៉ាស់ និង មានគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ។ លោកស្រី ឱ វណ្ណឌីន សង្ឃឹមថា វីដេអូ ៥ឃ្លីប ដែលបានចេញផ្សាយ នឹងបានជួយដល់ការចូលរួមរបស់បងប្អូនប្រជាលរដ្ឋ ក្នុងការអនុវត្តវិធានការសុខាភិបាល ដូចបានម្រាបជូនរួចហើយនេះ បានត្រឹមត្រូវ និងបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសបាននូវការចម្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ និងកាត់ផ្តាច់ខ្សែចម្លងបន្តគ្នា នៅក្នុងពេលបច្ចុប្បន្ននេះបានផងដែរ៕