អ្នកនាំពាក្យក្រសួងសុខាភិបាល ទទូចថា ទោះបីមានវ៉ាក់សាំងក៏ដោយ តែវ៉ាក់សាំងនេះ មិនមែនជាចម្លើយ សម្រាប់ការពារ មិនឲ្យចម្លងវីរុសកូវីដ-១៩នោះទេ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ តាមរយៈសារជាសំឡេង លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពានាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ថា បើទោះបីមានវ៉ាក់សាំងក៏ដោយ តែវ៉ាក់សាំងនេះ មិនមែនជាចម្លើយតែមួយគត់ សម្រាប់ការការពារ មិនឲ្យចម្លងវីរុសកូវីដ១៩នោះទេ។
លោកស្រី បានសង្កត់ធ្ងន់ថា វាជារឿងគ្រោះថ្នាក់បំផុត ប្រសិនបើប្រជាជនកម្ពុជា គិតថាមានវ៉ាក់សាំងហើយ លែងខ្វល់អំពីការការពារអ្វីទាំងអស់។
ជាងនេះទៅទៀត អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានបន្តថា អ្វីដែលជាសាររួមគ្នា ដែលអង្គការសុខភាពពិភពលោក កំពុងអំពាវនាវទៅដល់ បណ្តាប្រទេសក្នុងពិភពលោកទាំងអស់ នោះគឺថានៅពេល ដែលមានវ៉ាក់សាំងនេះប្រើរួចហើយ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវភ្លេចពីវិធានការការពារខ្លួន ជាពិសេសចំណុច៣ នៅតែជាសំខាន់បំផុត គឺការពាក់ម៉ាស ការលាងដៃ ការរក្សានូវគម្លាតសុវត្ថិភាពបុគ្គលឲ្យលើសពី១.៥០ ម៉ែត្រ៕EB