ភ្នំពេញ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ សមាគមភស្តុភារកម្មកម្ពុជា(CLA)បានសហការជាមួយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម រៀបចំវគ្គបណ្តុះបណ្តាលតាមរយៈវីដេអូពីចម្ងាយZoomស្តី ពី«លក្ខខ័ណ្ឌពាណិជ្ជកម្មអន្តរជាតិ» ក្រោមអធីបតីភាព លោក ឡាយ សុខសៅគន្ធា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី ចម និម្មល រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម,  លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា និង លោក ហោ អៀងឆាយ ប្រធានស្តីទី នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ព្រមទាំងមានសិក្ខាកាមដែលជាមន្ត្រី នៃក្រសួង មន្ទីរពាណិជ្ជកម្មមកពី២៥រាជធានី-ខេត្ត និងអ្នកធុរកិច្ចមក ពីស្ថាប័នធុរកិច្ចឯកជនប្រមាណ១៥០នាក់ ។ 

នៅក្នុងមតិស្វាគមន៍និងថ្លែងសុន្ទរកឋាបើកវគ្គបណ្តុះបណ្តាល លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងអ្នកធុរកិច្ចទាំងអស់ ហេតុដូច្នេះហើយទើបក្រសួងពាណិជ្ជកម្ម និងសមាគមភស្តុភារកម្មកម្ពុជាតែងយកចិត្តទុកដាក់រៀបចំវគ្គបណ្តុះបណ្តាលនេះធ្វើជាបន្តបន្ទាប់ ។

បើទោះបីជាកន្លងមកមានការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយសមាគមភស្តុភារកម្មកម្ពុជា ក្រសួង នៅតែរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ព្រោះថាការធ្វើពាណិជ្ជកម្មអន្តរជាតិ និងការធ្វើពាណិជ្ជកម្មក្នុងស្រុក គឺទាមទារឱ្យមានសិក្សាអំពីទ្រង់ទ្រាយ លក្ខខ័ណ្ឌពាណិជ្ជកម្ម ព្រមទាំងការដឹកជញ្ជូន ធ្វើយ៉ាងណាអាចនាំវត្ថុធាតុដើមពីកន្លែងផលិតទៅដល់អ្នកប្រើប្រាស់។ លោក ស៊ិន ចន្ធីសង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់ដែលបានចូលរួមទាំងអស់នឹងយកចិត្តទុកដាក់ ទទួលយកចំណេះដឹងអំពីលក្ខខ័ណ្ឌពាណិជ្ជកម្មអន្តរជាតិ ឬIncoterms នេះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីជាទុនក្នុងការប្រកបមុខរបធុរកិច្ច និងដឹកជញ្ជូនប្រកបដោយស្តង់ដារនិងដើរទាន់សម័យកាលនៃសកលភាវូបនីយកម្មនេះផងដែរ។

ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះដែរ លោក ឡាយ សុខសៅគន្ធា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្តាលនាថ្ងៃនេះគឺជាការឆ្លើយតបដ៏សំខាន់បំផុត នៃការធ្វើពាណិជ្ជកម្ម។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះវាគ្មិនដែលចំណាយពេលវេលាចូលរួមចែករំលែកចំណេះ ជំនាញ បទពិសោធន៍ ដែលមានជូនដល់សិក្ខាកាម ជាមួយគ្នានេះលោក បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់កត់ត្រារាល់ចំណុចសំខាន់ៗដើម្បីជាពុទ្ធិផ្ទាល់ខ្លួនសំដៅយកទៅអនុវត្តឱ្យបានត្រឹមត្រូវ និងចែករំលែកទៅដល់សហការីរបស់ខ្លួនផង។

សូមបញ្ជាក់ថា មុខវិជ្ជា Incoterms ឬលក្ខខ័ណ្ឌពាណិជ្ជកម្មអន្តរជាតិ គឺជាមុខវិជ្ជាសំខាន់ចាំបាច់ណាស់ចំពោះការធ្វើពាណិជ្ជកម្ម ជាពិសេសគឺពាណិជ្ជកម្មនាំចេញនាំចូលជាអន្តរជាតិ ដែលតម្រូវឱ្យអ្នកធុរកិច្ចសិក្សស្វែងយល់ឱ្យកាន់តែច្បាស់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ