ជនសង្ស័យគ្រឿងញៀនបាញ់តដៃជាមួយសមត្ថកិច្ច បានសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ ខណៈដែលកម្លាំងសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួន
ភ្នំពេញ៖ជនសង្ស័យជួញដូរគ្រឿងញៀនដែលបាញ់តដៃសមត្ថកិច្ចក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងរបស់កម្លាំងមន្ទីរគ្រឿងញៀនក្រសួងមហាផ្ទៃ នៅព្រលប់ថ្ងៃទី៧មិថុនានេះ បានសម្រេចបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់លាក់ខ្លួន ខណៈដែលកម្លាំងសមត្ថកិច្ចជាច្រើនឡោមព័ទ្ធចាប់ខ្លួន។
តាមការបញ្ជាក់ពីសមត្ថកិច្ច ជនសង្ស័យគ្រឿងញៀនដែលបាញ់សម្លាប់ខ្លួនឯងនេះ ជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចតាមប្រមាញ់។ ដោយឡែកចំពោះការចាប់យកវត្ថុតាង គ្រឿងញៀន ឬអ្វីផ្សេងនោះ សមត្ថកិច្ចមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងដំណើរការនីតិវិធី ធ្វើការស្រាវជ្រាវស៊ើបអង្កេតរកក្រុមជនពាក់ព័ន្ធ។
សូមជម្រាបថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ ជនសង្ស័យបានប្រើប្រាស់អាវុធបាញ់ប្រហារមកលើសមត្ថកិច្ចប្រមាណជាង១០គ្រាប់ ប៉ុន្តែសមត្ថកិច្ចមិនបានបាញ់តដៃនោះទេ ដើម្បីការពារសុវត្តិភាពដល់ប្រជាពលរដ្ឋ និងសុវត្ថិភាពចំពោះសមត្ថកិច្ចដែលកំពុងបើកប្រតិបត្តិការ។ សមត្ថកិច្ចបានបោកគ្រាប់បែកផ្សែងចំនួន២គ្រាប់ ដើម្បីឲ្យឧក្រិដ្ធជនប្រគល់ខ្លួនតាមសម្រួល តែឧក្រិដ្ធជននៅតែមិនប្រគល់ខ្លួនទើបសម្រេចចិត្តបាញ់សម្លាប់ខ្លួនតែម្ដង៕