ចិនប្រកាសថា គ្មានការចរចាគ្នាជាមួយអាមេរិកជុំវិញ បញ្ហាពន្ធគយនោះទេ ក្រោយពីលោក Trump ប្រកាសថាភាគីទាំង២ នឹងល្អជាមួយគ្នាឡើងវិញ
ប៉េកាំង៖ ប្រទេសចិន បានបដិសេធ ចំពោះការអះអាងរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលថាភាគីទាំងពីរបានចូលរួមក្នុងកិច្ចចរចាយ៉ាងសកម្មជុំវិញបញ្ហាពន្ធគយជាមួយគ្នា។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក He Yadong បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា "តើមានការអះអាងណាមួយអំពីវឌ្ឍនភាពនៃការចរចាពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកឬទេ ចំលើយគឺគ្មានមូលដ្ឋានច្បាស់លាស់ទេ" ។ ការអត្ថាធិប្បាយរបស់ប្រទេសចិនបានធ្វើឡើងបន្ទាប់ពីលោក Trump បាននិយាយ ថាអត្រាពន្ធចុងក្រោយលើការនាំចេញរបស់ប្រទេសចិននឹងធ្លាក់ចុះវិញយ៉ាងខ្លាំង ដោយបច្ចុប្បន្នគឺ១៤៥%។ មិនតែប៉ុណ្ណោះលោក Trump បានប្រាប់អ្នកសារព័ត៌មានកាលពីដើមសប្តាហ៍នេះទៀតថា "អ្វីគ្រប់យ៉ាងគឺសកម្ម" នៅពេលដែលត្រូវបានសួរសំណួរថាតើលោកកំពុងផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រទេសចិនឡើងវិញមែនទេ? បើទោះបីជារដ្ឋមន្ត្រីរតនាគាររបស់លោកបាននិយាយថាមិនមានការចរចាជាផ្លូវការក៏ដោយនោះ។
លោកប្រធានាធិបតី Trump បានដាក់បន្ថែមពន្ធគយចំនួន ១៤៥% លើការនាំចូលទំនិញពីប្រទេសចិន ខណៈដែលប្រទេសចិនបានវាយបកវិញជាមួយនឹងពន្ធគយ ១២៥% លើផលិតផលរបស់សហរដ្ឋអាមេរិកដែរ។ ប្រទេសចិនក៏បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចពិភាក្សាគួរតែពាក់ព័ន្ធនឹងការលុបចោលពន្ធគយទាំងអស់ដែលខ្លួនកំពុងប្រឈមមុខដាក់គ្នានាពេលនេះ។ ដោយឡែក លោកបានពន្យល់អ្នកសារព័ត៌មានអំពីវឌ្ឍនភាពនៃការចរចារវាងចិននិងសហភាពអឺរ៉ុប ស្តីពីការកំណត់តម្លៃអប្បបរមានៃរថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិន។
លោកបានមានប្រសាសន៍ថា ក្រុមបច្ចេកទេសទាំងពីរគឺនៅក្នុងស្ថិតក្នុងការទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធលើបញ្ហាទាក់ទងនឹងការប្តេជ្ញាចិត្តនៃតម្លៃ EV ឬ Electronic Vehicle រថយន្តអគ្គិសនី ក៏ដូចជាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ ហើយបានបង្កើនដំណើរការពិគ្រោះយោបល់គ្នាផងដែរ ។ ទោះជាយ៉ាងណាក៏ដោយភាគីទាំងពីរបានស្នើថាតម្លៃពន្ធគយទាំងនេះអាចត្រូវបានដកចេញ ប្រសិនបើពួកគេអាចឈានដល់ការឯកភាពគ្នាលើការកំណត់តម្លៃអប្បបរមាសម្រាប់រថយន្តអគ្គិសនីដែលនាំចូល ហើយពួកគេបានចាប់ផ្តើមការពិគ្រោះយោបល់ឡើងវិញនៅឆ្នាំនេះផងដែរ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង