ភ្នំពេញ៖ រាជធានីភ្នំពេញ របស់ព្រះរាជាណាចក្រកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី នេះបើតាមការផ្សាយដោយ VISA2FLY ដកស្រង់ដោយ SEA Infographics ។

ចំណាត់ថ្នាក់នេះ ត្រូវបានចាត់ដោយ VISA2FLY ក្នុងចំណោមរាជធានី​ និងទីក្រុងនៃបណ្ដាប្រទេសជុំវិញពិភពលោក ចំនួន១៤ រួមមាន៖លេខ១ បានទៅលើទីក្រុងបាងកក ប្រទេសថៃ, លេខ២ រាជធានីភ្នំពេញ ប្រទេសកម្ពុជា, លេខ៣ ទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី, លេខ៤ ទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម, លេខ៥ ទីក្រុងហូជីមីញ ប្រទេសវៀតណាម, លេខ៦ ទីក្រុងអ៊ីនស្តេនប៊ុល ប្រទេសតួកគី, លេខ៧ ទីក្រុងឡាសវេហ្កាស សហរដ្ឋអាមេរិក, លេខ៨ ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់,​ លេខ៩ ទីក្រុងអ៊ីប៊ីហ្សា ប្រទេសអេស្ប៉ាញ, លេខ១០ ទីក្រុងម៉ាយយ៉ាមី សហរដ្ឋអាមេរិក, លេខ១១ ទីក្រុងតូក្យូ ប្រទេសជប៉ុន, លេខ១២ ទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ ប្រទេសប្រេស៊ីល, លេខ១៣ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងលេខ១៤ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។

រាជធានីភ្នំពេញ ដែលជាបេះដូងប្រទេសកម្ពុជា ក៏ធ្លាប់បានជាប់ក្នុងចំណាត់ថ្នាក់លេខ៩ នៃគោលដៅទេសចរណ៍ពេញនិយមទាំង១០ នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៤ ផងដែរ ខណៈគេហទំព័រឌីជីថលទេសចរណ៍ ឈ្មោះថា Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៊ី។

បន្ថែមលើនេះបើតាម Tripadvisor រាជធានីភ្នំពេញ ក៏បានជាប់ជាទិសដៅពេញនិយមបំផុត​ ទាំង២៥ទីក្រុង នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៥ផងដែរ។

គួរបញ្ជាក់ដែរថា​ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះផងដែរ រាជធានីភ្នំពេញ បានឈ្នះរាជធានី និងទីក្រុងធំៗបំផុតរបស់ពិភពលោក ជាគោលដៅកម្សាន្តពេលរាត្រី ដ៏ទាក់ទាញបំផុតទីពីរ ដែលនេះក៏ពាក់ព័ន្ធនឹងការបើកដំណើរការសាកល្បង នៃផ្លូវថ្មើជើង (Walk Street) រៀងរាល់ចុងសប្តាហ៍កន្លងទៅ ចាប់ពីម៉ោង០៦ល្ងាច ដល់ម៉ោង១១យប់ កាលពីខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ដែលបាននិងកំពុងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តកាន់តែច្រើនឡើងៗ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ