អគារខេត្តព្រះសីហនុ ដែលត្រូវបានផ្អាកដំណើរការសាងសង់ មានចំនួន ៣៦២ ត្រូវការទុនវិនិយោគបន្ថែម ប្រមាណជាង១ពាន់លានដុល្លារអាម៉េរិក ដើម្បីបញ្ចប់ការសាងសង់
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា “បច្ចុប្បន្នអគារដែលត្រូវបានផ្អាកដំណើរការសាងសង់ មានចំនួន ៣៦២ ដែលត្រូវការទុនវិនិយោគបន្ថែម ប្រមាណ ១១៦១ លានដុល្លារអាម៉េរិក ដើម្បីបញ្ចប់ការសាងសង់, ខណៈអគារដែលត្រូវបានសាងសង់រួច, ប៉ុន្តែពុំទាន់បានដាក់ដំណើរការប្រើប្រាស់មានចំនួន ១៧៦ “។
នេះជាការថ្លែងរបស់ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតីនាយករដ្ឋមន្រ្តី នៃកម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា “ចាប់ពីឆ្នាំ ២០១៦ មក ការវិនិយោគក្នុងខេត្តព្រះសីហនុមានសម្ទុះកើនឡើងយ៉ាងគំហុក ជាពិសេស មានការរីកដុះដាលយ៉ាងលឿនក្នុងចំនួនដ៏ច្រើន នូវសំណង់អគារ ជាសណ្ឋាគារ, ភោជនីយដ្ឋាន, ហាងលក់ទំនិញ, និង កន្លែងស្នាក់នៅ ។ល។ ទោះ ជាយ៉ាងនេះក្តី ក្នុងដំណាក់កាលពីឆ្នាំ ២០១៩ តមកទៀតការផ្លាស់ប្តូរនៅក្នុងការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច គួបផ្សំ និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង បញ្ហាប្រឈមជាសកលផ្សេងទៀតបានបណ្តាលឱ្យសំណង់អគារជាច្រើន ត្រូវបានផ្អាក ឬ បញ្ឈប់ដំណើរការសាងសង់ “។
លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ គឺជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងភាពវៃឆ្លាតរបស់សមេ្តចធិបតីនាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និង ការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក និង តំបន់កំពុងតែបន្តប្រឈមនិងភាពមិនប្រាកដប្រជាខ្ពស់ ៕