បង់ក្លាដែសទទួលបានកញ្ចប់ថវិកាពី IMF លើកំណែទម្រង់សេដ្ឋកិច្ច ប្រមាណ៤.៥ ពាន់លានដុល្លាចំពេលប្រទេសនេះ កំពុងរងគ្រោះដោយសារវិបត្តិអតិផរណា
បង់ក្លាដែស៖ កាលពីពេលកន្លងទៅបង់ក្លាដេស បានសម្រេចនូវកិច្ចព្រមព្រៀងកម្រិតបុគ្គលិករបស់ IMF ដើម្បីទទួលបាននូវកញ្ចប់ថវិកាគាំទ្រសេដ្ឋកិច្ចប្រមាណ ៤ពាន់៥រយលានដុល្លារអាមេរិក ចំពេលដែលប្រទេសមួយនេះ កំពុងរងគ្រោះដោយសារវិបត្តិអតិផរណា និងការធ្លាក់ចុះខ្លាំងនៃទុនបម្រុងអន្តរជាតិ។ ប្រទេសបង់ក្លាដេស ជាប្រទេសទី៣ហើយ នៅតំបន់អាស៊ីខាងត្បូង ដែលនឹងទទួលបានកញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ចពី IMF បន្ទាប់ពីប្រទេសប៉ាគីស្ថាន និងស្រីលង្កា។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានជប៉ុន Nikkei។
ប្រទេសបង់ក្លាដេស ដែលមានទំហំសេដ្ឋកិច្ចជាង ៤០០ពាន់លានដុល្លារអាមេរិកនោះ ត្រូវបានគេស្គាល់ថា គឺស្ថិតនៅក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សបំផុតមួយរបស់ពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្ដែ នៅមួយរយៈចុងក្រោយនេះ ប្រទេសដែលមានប្រជាជនសរុបប្រមាណ ១៧០លាននាក់នេះ បានជួបនូវវិបត្តិថាមពល និងស្បៀងអាហារឡើងថ្លៃខ្ពស់ ដោយសារតែសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ទន្ទឹមគ្នានេះ ទុនបម្រុងអន្តរជាតិរបស់ប្រទេសបង់ក្លាដេស ក៏មានការធ្លាក់ចុះយ៉ាងខ្លាំងដែរ ហើយវាបានធ្វើឲ្យការចំណាយលើការនាំចូលទំនិញ និងឱនភាពគណនីចរន្ដប៉ោងឡើងកាន់តែខ្ពស់ដូចគ្នា។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងកម្រិតបុគ្គលិករបស់ IMF គឺជាកិច្ចព្រមព្រៀងកម្រិតទាបមួយ ហើយវាត្រូវការការអនុម័តពីគណៈគ្រប់គ្រងរបស់ IMF និងការពិចារណាយ៉ាងល្អិតល្អន់ដោយក្រុមប្រឹក្សាប្រតិបត្តិរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ មុននឹងសម្រេចផ្ដល់កញ្ចប់ថវិកាជាផ្លូវការសម្រាប់ប្រទេសដែលស្នើសុំថវិកាសង្គ្រោះសេដ្ឋកិច្ច ហើយគេរំពឹងថា សម្រាប់ប្រទេសបង់ក្លាដេស ការពិចារណា និងអនុម័តនេះ គឺនឹងត្រូវធ្វើឡើងនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ៕