ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសហាមឃាត់ជាដាច់ខាត និងទប់ស្កាត់ជាបន្ទាន់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ អំឡុងពេលរៀបចំសង្ក្រាន្ដឆ្នាំថ្មី នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជន។

តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួននៅតាមគ្រឹះស្ថានមធ្យម សិក្សាបាននិងកំពុងលេងល្បែង ដែលមិនមែនជាល្បែងប្រជាប្រិយខ្មែរ រួមមាន លេងបាញ់ទឹក ជះទឹក គប់ស្បោង ទឹក លាប ម្សៅ។ ទៅលើគ្នាទៅវិញទៅមកដោយគ្មានសណ្តាប់ធ្នាប់ គ្មានរបៀបរៀបរយ គ្មានភាពថ្លៃថ្នូរ ព្រមទាំង គ្មានសុវត្ថិភាព។


ដើម្បីទប់ស្កាត់ និងចៀសវាង បាតុភាពកើតឡើងជាយថាហេតុ ព្រមទាំងធានាបាននូវភាពថ្លៃថ្នូរ សុខសុវត្ថិភាព ដល់សិស្សានុសិស្ស ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់គ្រប់គ្រឹះស្ថានមធ្យមសិក្សាដូចខាងក្រោម៖

 

១. ហាមឃាត់ជាដាច់ខាត និងទប់ស្កាត់ជាបន្ទាន់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំ ប្រជាប្រិយខ្មែរ និងល្បែងមួយចំនួនដែលប្រឈមនឹងហានិភ័យ គ្មានសុវត្ថិភាព និងបង្កឱ្យមានគ្រោះថ្នាក់ ដូចជាលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ ។

២. គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ត្រូវរៀបចំបែងចែកការទទួលខុសត្រូវ តាមថ្ងៃ តាមវេនដើម្បីជួយសម្របសម្រួល ឱ្យសិស្សានុសិស្សបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ប្រកបដោយ ភាពសប្បាយរីករាយ និងមានសុវត្ថិភាព។

៣. ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព និងអនាម័យចៀសវាងការឆ្លងជំងឺរាតត្បាតផ្សេងៗ។

៤. សហការជិតស្និទ្ធជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្តល់ និង ទទួលព័ត៌មាននានាពាក់ព័ន្ធនឹងសកម្មភាពអវិជ្ជមានផ្សេងៗ ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីផ្តល់ ការអប់រំ ណែនាំ និងកែលម្អបានទាន់ពេលវេលា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ