សម្ដេច ស ខេង អញ្ជើញចូលរួមទទួល សម្តេចតេជោ ហ៊ុន សែន ត្រឡប់មកកម្ពុជាវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ នៅម៉ាល់ឌីវ
ភ្នំពេញ ៖ នារសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទទួល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់កម្ពុជាវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ច នៅប្រទេសម៉ាល់ឌីវ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។ នេះជាដំណើរបំពេញទស្សនកិច្ចជាលើកដំបូងហើយ សម្រាប់សម្តេចតេជោ នៅលើប្រទេសដែនកោះហ៊ុព័ទ្ធដោយសមុទ្រ ដ៏ស្រស់ត្រកាលមួយនេះ បន្ទាប់ពីកម្ពុជា និងម៉ាល់ឌីវ ភ្ជាប់ទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៩៥។
នៅថ្ងៃទី១៦ ខែមករា សម្តេចតេជោ ហ៊ុន សែន បានផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នៅលើប្រទេសដែនកោះប្រៀបដូចឋានសួគ៌ ក្រោមមេឃមួយនេះ ទទួលបានការបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅ និងកម្រិតខ្ពស់ពីសំណាក់ប្រធានាធិបតីម៉ាល់ឌីវ លោក អ៉ីប្រាហ៉ីម ម៉ូហាម៉េដ សូលី ព្រមទាំងឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលម៉ាល់ឌីវ ជាច្រើនរូបទៀត នៅលើកម្រាលព្រំពណ៌ក្រហមឆ្អិតឆ្អៅដ៏វែងអន្លាយ។
ក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះ សម្តេចតេជោនា យករដ្ឋមន្ត្រី ដែលអមដំណើរដោយផ្ទាល់ពីលោកប្រធានាធិបតីម៉ាល់ឌីវ បានអញ្ជើញគោរពទង់ជាតិ នៃប្រទេសទាំងពីរ រួមទាំងការសំដែងសិល្បៈតាមបែបប្រពៃណីរបស់ម៉ាល់ឌីវ ដោយក្រុមសិល្បៈនិស្សិតម៉ាល់ឌីវ និងការបាញ់កាំភ្លើងធំ ៧ដើម របស់កងទ័ពម៉ាល់ឌីវ។
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចបានបញ្ចប់ទៅ សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីម៉ាល់ឌីវ បានអញ្ជើញជួបពិភាក្សាការងារ។ ជំនួបពិភាក្សាការងារបានធ្វើឡើងពីរកម្រិត គឺកម្រិតចង្អៀត និងកម្រិតទ្វេភាគី៕EB