រថភ្លើងបុកគ្នាភាគខាងកើតប្រទេសឥណ្ឌា សម្លាប់មនុស្សយ៉ាងហោចណាស់២៨៨នាក់ និងរបួសជាង៨០០នាក់
ឥណ្ឌា៖រថភ្លើងធ្លាក់ផ្លូវនៅភាគខាងកើតប្រទេសឥណ្ឌា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨៨ នាក់ និងរបួសជាង ៨០០ នាក់ គឺបណ្តាលមកពីកំហុសនៅក្នុងប្រព័ន្ធ ផ្តល់សញ្ញាអេឡិចត្រូនិចដែលបញ្ជូនពួកគេទៅផ្លូវខុស។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។
នៅតែមានការភាន់ច្រឡំអំពីមូលហេតុ ពិតប្រាកដនៃព្រឹត្តិការណ៍ដែលនាំទៅរកគ្រោះមហន្តរាយផ្លូវដែកដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍នៅក្នុងស្រុក Balasore នៃរដ្ឋ Odisha កាលពីថ្ងៃសុក្រកន្លងមកនេះ។ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដោយផ្អែកលើសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា សាកសពជាច្រើនកំពុងស្ថិតនៅក្នុងទូររថភ្លើងដែលបាក់ធ្លាក់ផ្លូវនោះ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត ខណៈដែលចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត។
លោក Anand បានបន្ថែមថា របាយការណ៍បឋមបង្ហាញថា គ្រោះថ្នាក់នេះគឺជាលទ្ធផលនៃឱ្យសញ្ញាមិនបានល្អ។ លោកមានប្រសាសន៍ថា រថភ្លើង Coromandel Express ត្រូវបានគេសន្មត់ថា នឹងធ្វើដំណើរលើខ្សែរថភ្លើងធំ ប៉ុន្តែមានសញ្ញាមួយត្រូវបានបញ្ចូនឱ្យរថភ្លើងនេះ ប្រើខ្សែង្វិលជុំជំនួសវិញ ដែលបណ្តាលឱ្យរថភ្លើងនេះហួសទៅបុកនឹងរថភ្លើងដឹកទំនិញដែលបានចតនៅក្បែរនោះ។ បន្ទាប់មកទៀត ទូររបស់រថភ្លើងនោះក៏បានធ្លាក់ផ្លូវ ហើយបានបង្កឱ្យរថភ្លើងមួយខ្សែទៀតគឺ Howrah Superfast Express ក្រឡាប់ផងដែរ។
ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានចុះទៅជួបជាមួយនឹងក្រុមសង្គ្រោះបន្ទាន់ដល់កន្លែងកើតហេតុ ដោយធ្វើការត្រួតពិនិត្យលើរថភ្លើង និងបានជួបអ្នករស់រានមានជីវិតនៅមន្ទីរពេទ្យ ដោយប្តេជ្ញាផ្តល់ជំនួយតាមដែលអាចធ្វើទៅបាន ដល់ជនដែលរងផលប៉ះពាល់នៅក្នុងហេតុការណ៍ដ៏សោកសៅនេះ។ រដ្ឋមន្ត្រីផ្លូវដែកឥណ្ឌា លោក អាសាវីនី វិសាណា បានឱ្យដឹងថា ក្រុមគ្រួសារនៃអ្នកស្លាប់បាត់បង់់ជីវិតក្នុងសោកនាដកម្មនេះនឹងទទួលបានថវិកាជំនួយចំនួន ១២០០០ដុល្លារ ខណៈពេលដែលអ្នករបួសធ្ងន់ធ្ងរនឹងទទួលបាន ២សែនរូពី ចំណែកអ្នករងរបួសស្រាលនឹងទទួលបានប្រាក់ចំនួន ៥ម៉ឺនរូពី។ ទន្ទឹមគ្នានោះ រដ្ឋាភិបាលរដ្ឋមួយចំនួនក៏បានប្រកាសផ្តល់សំណងដល់ក្រុមគ្រួសារអ្នករងគ្រោះផងដែរ៕