ក្រសួងសេដ្ឋកិច្ច ៖ ១០ខែ ឆ្នាំ២០២៣ ការប្រមូលចំណូលថ្នាក់ជាតិ សម្រេចបានប្រមាណជាង ៤ ៩០០លានដុល្លារ ស្មើនឹង៧៧.៨៥% នៃច្បាប់ថវិកា
ភ្នំពេញ៖ គិតត្រឹមរយៈពេល១០ខែ ដើមឆ្នាំ២០២៣ ការប្រមូលចំណូលថ្នាក់ជាតិ សម្រេចបាន ២០ ១៦០ ប៊ីលានរៀល (ប្រមាណជាង ៤៩០០លានដុល្លារ) ស្មើនឹង៧៧.៨៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រសួង បានបញ្ជាក់ថា «គិតត្រឹមរយៈពេល ១០ខែ ដើមឆ្នាំ២០២៣ ការប្រមូលចំណូលថ្នាក់ជាតិ សម្រេចបាន ២០ ១៦០ ប៊ីលានរៀល ស្មើនឹង៧៧.៨៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ ខណៈដែលការអនុវត្តចំណាយសរុបថ្នាក់ជាតិ សម្រេចបាន ២៦ ០៤២ ប៊ីលានរៀល (ប្រមាណ ៦៣៥០លានដុល្លារ) ស្មើនឹង ៧៤.៩៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។ ជាលទ្ធផល ការអនុវត្តថវិកាថ្នាក់ជាតិ មានឱនភាពសរុប ៥ ៨៨១ ប៊ីលានរៀល (ប្រមាណ១៤០០លានដុល្លារ)»។
ចំណូលសារពើពន្ធសម្រេចបាន ១៨ ១៤១ ប៊ីលានរៀល (ប្រមាណ៤៤០០លានដុល្លារ) ស្មើនឹង ៧៧.៤៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ ថយចុះ ៤.២០% និងចំណូលមិនមែនសារពើពន្ធសម្រេចបាន ១ ៩៨៦ ប៊ីលានរៀល (ប្រមាណ៤៨០លានដុល្លារ) ស្មើនឹង ៩២.៧២% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ កើនឡើង ២៤.០៨%។
ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងទៀតថា ផ្អែកលើនិន្នាការនៃការអនុវត្តចំណូល ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គួបផ្សំនឹងការងើបឡើងវិញនៃសកម្មភាពសង្គម សេដ្ឋកិច្ចកម្ពុជា, ការប្រមូលចំណូលស្ថិតក្នុងគន្លង (on-track) ឈានទៅរកការសម្រេចបាន តាមផែនការគ្រោងទុកក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣៕EB