កម្ពុជា ច្រានចោលព័ត៌មាន The Mirror បានចុះផ្សាយថា «បំណែកយន្តហោះ MH370 ត្រូវបានរកឃើញ ក្នុងព្រៃជ្រៅនៅប្រទេសកម្ពុជា
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិល បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានមួយរបស់អង់គ្លេសឈ្មោះ The Mirror ដែលបានផ្សាយថា «អាថ៌កំបាំង MH370 ត្រូវបានលាតត្រដាងដោយ Google Maps ខណៈដែលបំណែកយន្តហោះ ត្រូវបានរកឃើញនៅក្នុងព្រៃដ៏ជ្រៅបំផុត នៅប្រទេសកម្ពុជា»។
សារព័ត៌មាន The Mirror បានចេញផ្សាយ កាលពី២៥ ខែឧសភា ថា អាថ៌កំបាំងដែលបានកើតឡើងចំពោះយន្តហោះ MH370 ត្រូវបាន “ដោះស្រាយ” ដោយសារផែនទី Google Maps បង្ហាញថា “បានរកឃើញយន្តហោះ”នេះ នៅក្នុងព្រៃដ៏ជ្រៅក្នុងប្រទេសកម្ពុជា។
លោកស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពា្យអាកាសចរស៊ីវិល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា ការចុះផ្សាយរបស់ព័ត៌មាន The Mirror អំពីយន្តហោះ MH370 នៅកម្ពុជា គឺជាព័ត៌មានក្លែងក្លាយ។
លោក សិរីវុត្ថា បានបញ្ជាក់ថា ទាំងខ្លឹមសារព័ត៌មាន និងរូបភាពដែលចុះផ្សាយនេះ ធ្លាប់បានចុះផ្សាយម្តងរួចមកហើយ កាលពីប្រមាណ ៨ឆ្នាំមុន ហើយទើបត្រូវបានយកមកកែថ្ងៃខែឆ្នាំ ផ្សព្វផ្សាយជាថ្មីម្តងទៀតនៅពេលថ្មីៗនេះ ដែលបង្កើតឱ្យមានការភាន់ច្រឡំ។
លោកថា «កម្ពុជាត្រៀមខ្លួនសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ប្រសិនបើមានសំណើសុំបើកការស៊ើបអង្កេតករណីនេះ»។
យន្តហោះ Boeing ៧៧៧ នៃជើងហោះហើរ MH៣៧០ មានអ្នកដំណើរចំនួន ២២៧នាក់ និងពីឡុត ១២នាក់នៅលើនោះ ហើយបានបាត់ខ្លួនក្នុងពេលធ្វើដំណើរចេញពីទីក្រុងគូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤។
ចាប់តាំងពីយន្តហោះនោះបាត់ខ្លួនក្នុងដែនអាកាសមក ដំណើរការស្វែងរក ២លើកបានបរាជ័យ។ ម៉ាឡេស៊ី ចិន និងអូស្ត្រាលី បានបញ្ចប់ការរុករកក្រោមបាត់សមុទ្រ ដែលចំណាយថវិកាអស់ជាង ១៣០លានដុល្លារ នៅក្នុងខែមករា ឆ្នាំ ២០១៧ ដោយមិនទទួលបានផ្លែផ្កា។
ក្រោយមកនៅឆ្នាំ ២០១៨ ម៉ាឡេស៉ីបានសហការជាមួយក្រុមហ៊ុន Ocean Infinity ដើម្បីស្វែងរកមហាសមុទ្រឥណ្ឌាភាគខាងត្បូង ហើយប្រកាសផ្តល់ថវិកា ៧០លានដុល្លារ ប្រសិនបើរកឃើញយន្តហោះនោះ៕