ក្រសួងបរិស្ថាន ចាត់វិធានការច្បាប់លើក្រុមហ៊ុនកែច្នៃដំណាប់ស្វាយ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បន្ទាប់ពីបង្ហូរទឹកកខ្វក់ ចូលស្ទឹងព្រែកត្នោត
ភ្នំពេញ ៖ ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយ លោក កែ វង្សវឌ្ឍនា អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោកអភិបាលរងស្រុកអង្គស្នួល ក្រុមប្រឹក្សាឃុំក្រាំងម្កាក់ មេភូមិព្រៃខ្លា និងមន្ទីរបរិស្ថានខេត្តកណ្ដាល បានរកឃើញថា សិប្បកម្មកែច្នៃដំណាប់ស្វាយ របស់ក្រុមហ៊ុន Ji Li Long (Cambodia) Fruit Industry Co., Ltd. ពុំមានអាងប្រព្រឹត្តិកម្មសម្រាប់សម្អាតសំណល់រាវនោះទេ បន្ទាប់មកក្រុមហ៊ុនបានបង្ហូរសំណល់រាវ ចូលអាងស្ដុក រួចបូមបង្ហូរចូលស្ទឹងព្រែកត្នោត តាមរយៈទុយោបង្កប់ក្រោមដី ស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លើសពីនេះ ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុន មិនមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។ ជាមួយគ្នានេះ ក្រុមការងារ បានយកសំណាកទឹកចំនួន២កន្លែង នៅចុងទុយោជាប់មាត់ព្រែកត្នោត ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថានផងដែរ។
ក្រុមការងារ បានចាត់វិធានការច្បាប់ ស្ដីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៧ចំណុច ក្នុងនោះមានវិធានការ ជាការងារអាទិភាពមួយ ដែលត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងបន្ទាន់ សំដៅទប់ស្កាត់ការបំពុលតំបន់ទឹក សាធារណៈពីសកម្មភាពបញ្ចេញទឹកកខ្វក់ និងសំណល់រាវពីរោងចក្រ សហគ្រាស ក្រុមហ៊ុន សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ និងទីសត្តឃាត គឺត្រូវធ្វើការបំពាក់ និងដាក់ឱ្យដំណើរការប្រព័ន្ធ ប្រព្រឹត្តិកម្មសំណល់រាវ និងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ស្របតាមលិខិតបទដ្ឋាន គតិយុត្តជាធរមាន។
សូមបញ្ជាក់ថា ជាមួយការរកឃើញករណីល្មើសច្បាប់របស់ក្រុមហ៊ុននាពេលនេះ ក្រុមការងារក្រសួងបរិស្ថាន បានស្នើឱ្យប្រជាពលរដ្ឋរស់នៅក្បែរតំបន់ក្រុមហ៊ុន មានការប្រុងប្រយ័ត្ន ចំពោះការបរិភោគទឹកស្ទឹង ដែលមិនបានចំអិនឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងលើបញ្ហាសុខភាព៕