សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា អបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា២០២៥
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់” នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយច ង្វារ (OCIC)។
ពិធីនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ របស់កម្មករនិយោជិត ដែលត្រូវបានរាជរដ្ឋាភិបាល កម្ពុជាប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ហើយឆ្នាំនេះក៏ ដូចឆ្នាំមុនៗដែរ គឺរាជរដ្ឋាភិបាល បានចេញសារាចរ ដើម្បីបំផុសលើកទឹកចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត រោងចក្រ សហគ្រាសនានា ក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី ១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា និងកម្មវិធីកម្សាន្តផ្សេងៗ ដើម្បីបង្កបរិយាកាសរីករាយ និងសាមគ្គីភាពរវាងកម្មករនិយោជិត និងនិយោជកក្រោមឈ្មោះសហគមន៍សុខសាន្ត។
ការជ្រើសរើសប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់” នៃទិវាពលកម្មអន្តរជាតិ ១ ឧសភាឆ្នាំ២០២៥ នេះ គឺជាសក្ខីភាព នៃការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈនិងអត្ថប្រយោជន៍នានា របស់បងប្អូនកម្មករនិយោជិត និងពង្រឹងយន្តការបង្ការ និងដោះស្រាយ វិវាទការងារ ដែលអាចកើតមានឡើងជាសត្យានុម័ត សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើងនៃ ទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការ ដោយប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។
ពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ និងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកប ដោយចីរភាពនិងភាពធន់” ដ៏មានអត្ថន័យនាពេលនេះ ព្រមជាមួយការប្រគល់ពានរង្វាន់ “សហគ្រាសមួ យ ជាសហគមន៍សុខសាន្តមួយ” បានផ្តើមចេញពីការអនុវត្តអនុសាសន៍រួមគ្នារបស់ សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអតីតនាយករដ្ឋមន្ត្រីនិង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អំឡុងពេលចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ និយោជិត កាល ពីឆ្នាំ២០២៣កន្លងទៅនេះ៕