ព្រះសីហនុ ៖ នាវាចម្បាំងខ្នាតតូច នៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចំនួន ៣ គ្រឿង មាននាវិកសរុបចំនួន ២៦២ នាក់ ដឹកនាំដោយលោក វរនាវីឯក ALEKSEI ANTSIFEROV នាយសេនាធិការ នៃផ្នែកនាវាលើផ្ទៃទឹក កងនាវាប៉ាស៊ីហ្វិកសហព័ន្ធរុស្ស៊ី បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ៤ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥។

នេះបើយោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ។

ប្រភពព័ត៌មានដដែល បញ្ជាក់ថា គណៈប្រតិភូកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី នឹងអញ្ជើញចូលជួបសំដែងការគួរសមជាមួយ លោក អភិបាលខេត្តព្រះសីហនុ, លោក មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងលោក មេបញ្ជាការកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងរៀបចំលេងកីឡាជាមិត្តភាព បាល់ទះ និងបាល់ទាត់ រវាងនាវិកកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី និងនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមផងដែរ។ នាវាកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីទាំង៣គ្រឿងនោះរួមមាន៖

នាវាទី១ឈ្មោះ REZKIY 343, នាវាទី២ឈ្មោះ HERO 339 ជានាវាចម្បាំងខ្នាតតូច និងនាវាទី៣ឈ្មោះ PECHENGA ជានាវាដឹកប្រេង។

ជាមួយគ្នានេះ នាវាកងទ័ពជើងទឹកវៀតណាម HQ 261 ដឹកនាំដោយវរនាវីឯកបម្រុង ម៉ាយ ដាំងហ្សាញ់ នៅបន្តចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម ក្នុងដំណើរបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំដកបទពិសោធន៍ការងារល្បាតរួមលើកទី៣៥ ជាមួយកងទ័ពជើងទឹកកម្ពុជានៅឡើយ។ ប្រតិភូកងទ័ពជើងទឹកវៀតណាមនេះ បានចូលចតនៅថ្ងៃទី ២៧ មេសា និងបន្តរហូតដល់ថ្ងៃទី ២៩ មេសា ២០២៥៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ