សមត្ថកិច្ចរកឃើញជនរងគ្រោះចំនួន ១២៤នាក់ និងឃាត់ខ្លួនប្រុសមេខ្សល់ម្នាក់ ដែលនាំពលករ ទៅធ្វើការនៅកូរ៉េដោយខុសច្បាប់
ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌខណ្ឌពោធិ៍សែនជ័យ បានចុះត្រួតពិនិត្យរដ្ឋបាលផ្ទះសំណាក់មួយកន្លែងយីហោ «នាគទេព» រកឃើញជនរងគ្រោះចំនួន ១២៤នាក់ (ស្រី ៣៩នាក់) និងឃាត់ខ្លួនប្រុសមេខ្សល់ម្នាក់ រួមទាំងដកហូតលិខិតឆ្លងដែនមួយចំនួន ពាក់ព័ន្ធករណី នាំពលករមិនស្របច្បាប់ទៅធ្វើការនៅប្រទេសកូរ៉េ ។
ក្នុងនោះសមត្ថកិច្ចបានចុះត្រួតពិនិត្យរដ្ឋបាលផ្ទះសំណាក់ «នាគទេព» ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យដែលជាមេខ្យល់មាន ឈ្មោះ តាំ ច័ន្ទទី ហៅ សីហា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅផ្ទះជួល សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា ខ្លួនបានកុហកបោកប្រាស់ទៅជនរងគ្រោះជាង ១០០ នាក់នោះថា នឹងនាំពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េ ដោយក្នុងម្នាក់ៗត្រូវចំណាយលុយពី ៦០០ទៅ ៨០០ដុល្លារ ដើម្បីចំណាយទៅលើការធ្វើលិខិតឆ្លងដែនរួចឲ្យមក បានសម្រាកនៅទីតាំងផ្ទះសំណាក់នេះត្រៀមចេញទៅប្រទេសកូរ៉េ។
តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា ពួកគាត់ពិតជាបានបានខាតបង់ប្រាក់ដែលបានឲ្យទៅជនសង្ស័យជាមេខ្យល់ ក្នុងម្នាក់ៗ ចន្លោះពី ៦០០ដុល្លារ ទៅ ៨០០ដុល្លារ ពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កំពុងកសាងសំណុំ បញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកជនរងគ្រោះចំនួន ១២៤នាក់ (ស្រី ៣៩នាក់) អនុញ្ញាតឲ្យវិលត្រលប់ទៅលំនៅដ្ឋានវិញ៕