ក្រសួងមហាផ្ទៃ ណែនាំអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងតួនាទីភារកិច្ច ស្មៀនឃុំ-សង្កាត់ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងតួនាទី ភារកិច្ចរបស់ ស្មៀនឃុំ-សង្កាត់ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះឆ្នោត ឆ្នាំ២០២២នេះ ប្រព្រឹត្តទៅដោយរលូន។
យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ដើម្បីឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជោគជ័យតាមផែនការរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អភិបាលរាជធានី-ខេត្ត ត្រូវណែនាំ និងអនុវត្តកិច្ចការមួយចំនួន ដូចខាងក្រោម៖
ទី១-ស្មៀនឃុំ សង្កាត់នីមួយៗ ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលបានកំណត់។
ទី២-ស្មៀនឃុំ សង្កាត់នីមួយៗ ត្រូវតែមានវត្តមានជាប្រចាំ ដើម្បីចូលរួមអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ លើកលែងតែមានធុរៈចាំបាច់បំផុត ឬមានបញ្ហាសុខភាព ដែលមិនអាចបំពេញការងារបាន។ ករណីស្មៀនឃុំ សង្កាត់ អវត្តមានមិនអាចបំពេញការងារបាន សាមីខ្លួនត្រូវរាយការណ៍ជូនមេឃុំ ចៅសង្កាត់ និងត្រូវស្នើស៊ីច្បាប់ឈប់សម្រាកស្របតាមគោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់។ អភិបាលក្រុង ស្រុក ខណ្ឌ ត្រូវសម្របសម្រួល និងចាត់តាំងមន្ត្រីនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ១រូប ដើម្បីបំពេញការងារពាក់ព័ន្ធការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ជំនួសស្មៀនឃុំ សង្កាត់ ដែលអវត្តមាន ឬមិនទាន់មានស្មៀនឃុំ សង្កាត់ ដើម្បីធានានិរន្តរភាពការងារនេះ។
និងទី៣-ចំពោះការរៀបចំកិច្ចប្រជុំ និងការបណ្ដុះប័ណ្តាលនានាដែលត្រូវអញ្ជើញស្មៀនឃុំ សង្កាត់ចូលរួម រដ្ឋបាលរាជធានី ខេត្ត ត្រូវពិនិត្យលទ្ធភាពពន្យារពេលឱ្យផុតរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២២។
យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ និងលិខិតជូនដំណឹងរបស់ គ.ជ.ប បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ខាងមុខ៕