អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ មិនមានការស្នើសុំសិទ្ធិបាញ់ប្រជាពលរដ្ឋខ្មែរ ដែលជិះវ៉ាក្បួនរថយន្ត ឬលើកទូរសព្ទថត ប្រធានាធិបតីអាមេរិកឡើយ
ភ្នំពេញ ៖ ក្រោយពីមានការផ្សព្វផ្សាយសារសំឡេង តាមប្រព័ន្ធតេឡេក្រាមថា កងកម្លាំងអាម៉េរិកបានស្នើសុំសិទ្ធិបាញ់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រសិនមានពលរដ្ឋធ្វើដំណើរតាមក្បួន ឬជិះវ៉ាក្បួនរថយន្ត ឬលើកទូរសព្ទថតសំដៅមកក្បួនរថយន្តរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន និងគណៈប្រតិភូសហរដ្ឋអាមេរិក ដែលនឹងធ្វើដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា នោះកងកម្លាំងសហរដ្ឋអាម៉េរិក នឹងបាញ់ដោយពុំមានការលើកលែងឡើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា ពុំមានករណីកងសន្តិសុខសហរដ្ឋអាមេរិក ស្នើសុំសិទ្ធិកម្ពុជាបាញ់ប្រសិនមានពលរដ្ឋលើកទូរសព្ទថតសំដៅមកក្បួនរថយន្តរបស់ប្រធានាធិបតីអាម៉េរិក ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានឡើយ។ «មិនមានព័ត៌មាននេះទេ! នេះជាព័ត៌មានមិនពិត..! តាមពិតទៅវាគ្មានអ៊ីចឹងទេ បើរឿងពិតមែនហ្នឹង ខ្មែរយើងយល់ព្រមទេ? ជាធម្មតាការងារអ៊ីចេះ (ធានាសុវត្ថិភាពគណៈប្រតិភូអាម៉េរិក) គេក្តាប់បានអស់ហើយ មុននឹងធ្វើគេដឹងអស់ហើយ គេប្រការមុន»។
គួរបញ្ជាក់ផងដែរថា ដើម្បីធានាសុវត្ថិភាពគណៈប្រតិភូជាតិ និងអន្តរជាតិដែលនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកងកម្លាំងចម្រុះជាង១ម៉ឺននាក់ នៅចាំល្បាត និងការពារនៅតាមដងផ្លូវដែលមានក្បួនរថយន្តគណៈប្រតិភូ និងនៅបរិវេណសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ ចំណែក លោកប្រធានាធិបតី ចូ បៃឌិន នឹងមកបំពេញទស្សនាកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាម៉េរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ បន្ទាប់មកលោកប្រធានាធិបតីអាមេរិក នឹងបន្តចូលរួមកិច្ចប្រជុំកំពូល G20 ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នៅប្រទេសឥណ្ឌូណេស៊ីផងដែរ៕