ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា អ្វីដែរមិត្តចិននាំយកវត្ថុធាតុដើមចូលមកប្រទេសកម្ពុជានោះ បង្កើតការងារដល់ពលរដ្ឋខ្មែររាប់លានាក់ ហើយក៏នាំចេញទៅទីផ្សារក្រៅប្រទេសផងដែរ។

ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា នាពេលកន្លងទៅ សម្ដេច ស្នើទូតចិន ប្រចាំកម្ពុជា បញ្ជូនវត្ថុធាតុដើមសម្រាប់បណ្ដាលរោងចក្រនៅកម្ពុជា។ សម្ដេច បន្ដថា វត្ថុធាតុដើមនេះ គឺធ្វើឱ្យរោងចក្រនៅកម្ពុជា អាចជួបការលំបាក់។


សម្ដេច គូសបញ្ជាក់ថា «ដូច្នេះគេអាចយល់នូវនេះថា ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងចិន មិនមានតុល្យភាពទេ គឺកម្ពុជា នាំចេញទៅចិនតិចជាង រីឯចិននាំចូលកម្ពុជាច្រើនជាង។ តែមិនត្រូវភ្លិចថា អ្វីដែរចិននាំចូលកម្ពុជានោះ គឺផ្គតផ្គង់វត្ថុធាតុដើម ដើម្បីបង្កើតការងារធ្វើរាប់លាននាក់ ហើយបញ្ចេញទៅទីផ្សារខាងក្រៅ ទៅប្រទេសជាច្រើន នៅខាងក្រៅ ដើម្បីផ្គតផ្គង់ទីផ្សារនៃប្រទេសខាងក្រៅ ប្រាក់ចំណូលបានទទួលដល់កម្ពុជា»។

សម្ដេច បន្ដថា ប្រសិនបើចិនមិនលក់វត្ថុធាតុដើមមកកម្ពុជានោះទេ ការខិតខំដើម្បីបង្កើតរោងចក្រនៅកម្ពុជា គឺអត់មានន័យដែរ។

សូមរំលឹកថា ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារប្រទេសចិន ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ មានទឹកប្រាក់ជិត ៣២៩ លានដុល្លារ កើនជាង ២ ភាគរយបើធៀបត្រីមាសទី ១ ឆ្នាំ ២០២២ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ២,៨៦ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ