ប្រមុខរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ធ្វើដំណើរទស្សនកិច្ចជាថ្មីម្តងទៀតទៅកាន់រុស្ស៊ី នឹងជួបប្រជុំលើកដំបូងជាមួយលោក Putin
មីយ៉ាន់ម៉ា៖មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បាននិងកំពុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលជាដំណើរទស្សនកិច្ចលើកទី២របស់លោកទៅកាន់ប្រទេសនេះក្នុងរយៈពេលតិចជាង២ខែ ខណៈយោធាដែលកំពុងកាន់អំណាចរបស់មីយ៉ាន់ម៉ា ព្យាយាមស្វែងរកសម្ព័ន្ធភាពការទូត ចំពេលដែលប្រទេសមីយ៉ាន់ម៉ា រងសម្ពាធខ្លាំងពីសហគមន៍អន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នេះ។
លោក មីន អ៊ុងឡាំង (Min Aung Hlaing) ត្រូវបានហាមឃាត់មិនឱ្យធ្វើជាតំណាងរបស់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំអន្តរជាតិជាច្រើន ចាប់តាំងពីការដឹកនាំរដ្ឋប្រហារកាលពីដើមឆ្នាំមុន ប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ម្ចាស់ជ័យលាភីណូបែលសន្តិភាព។
ប្រព័ន្ធផ្សព្វផ្សាយរបស់មីយ៉ាន់ម៉ា បាននិយាយថា លោក មីន អ៊ុងឡាំង នឹងចូលរួមកិច្ចប្រជុំកំពូលសេដ្ឋកិច្ច ទស្សនាទីតាំងសំខាន់ៗ សាកលវិទ្យាល័យ និងរោងចក្រ ហើយរដ្ឋមន្ត្រី និងមន្ត្រីយោធាជាន់ខ្ពស់របស់លោក នឹងជួបប្រជុំជាមូយសមភាគីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។រុស្សី បាននិងកំពុងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់មីយ៉ាន់ម៉ា ហើយមីយ៉ាន់ម៉ាគ្រោងនឹងនាំចូលប្រេងឥន្ធនៈពី រុស្សី សម្រាប់ការផ្គត់ផ្គង់ក្នុងប្រទេស ខណៈ រុស្ស៊ី ស្វែងរកប្រភពអាជីវកម្មថ្មី ក្នុងពេលមានការដាក់ទណ្ឌកម្មពីលោកខាងលិចចំពោះការឈ្លានពានអ៊ុយក្រែន។
អង្គការសហប្រជាជាតិ និងសកម្មជនបានចោទប្រកាន់យោធាមីយ៉ាន់ម៉ា ចំពោះអំពើឃោរឃៅ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយបានជំរុញសហគមន៍អន្តរជាតិឱ្យកាត់បន្ថយការលក់សព្វាវុធដល់ប្រទេសនេះ ដោយមានតែប្រទេសរុស្ស៊ីមួយប៉ុណ្ណោះ ដែលបានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកយន្តហោះចម្បាំង និងប្រព័ន្ធការពារដែនអាកាសចាប់តាំងពីរដ្ឋប្រហារ៕SP