បាញ់បងស្រីថ្លៃ និងបងស្រីជីដូនមួយ ជាគ្រូបង្រៀនបណ្ដាលឲ្យស្លាប់២នាក់ ខណៈខ្មាន់កាំភ្លើងបាញ់ខ្លួនតែមិនស្លាប់ នៅស្រុកអង្គរជ័យ ខេត្តកំពត
កំពត ៖ ហេតុការណ៍បាញ់ប្រហារមួយបានកើតឡើង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិបាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ភ្លាមៗ រួចខ្មាន់កាំភ្លើងបាញ់ខ្លួនឯងតាមក្រោយ តែមិនស្លាប់ដោយរងរបួសធ្ងន់ចំទ្រូង។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន លោកបានបញ្ជាកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ បានចុះដល់កន្លែងកើតហេតុ។
ពេលទៅដល់កម្លាំងជំនាញ បានពិនិត្យឃើញថា ជនសង្ស័យមានឈ្មោះ ឡាយ សំអាត ហៅចែម អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពបាញ់ទៅលើបងថ្លៃ និងបងជីដូនមួយរបស់ខ្លួន ដោយប្រើប្រាស់អាវុធម៉ាក RPK (គ្រាប់AK) ជាច្រើនគ្រាប់ បន្ទាប់មកបានធ្វើអត្តឃាតខ្លួនឯង ដោយបាញ់ខ្លួនឯងចំនួន ០១ គ្រាប់ ចំដើមទ្រូង (របួសធ្ងន់) បច្ចុប្បន្នបានសមត្ថកិច្ចដឹកតាមរថយន្តសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
បើតាមលោកឧត្តមសេនីយ៍ស្នងការ មូលហេតុដែលជនសង្ស័យមានគំនុំខឹងនឹងបងជីដូនមួយ និងបងថ្លៃ ហើយជនសង្ស័យជាមុខសញ្ញាដែលប្រើប្រាស់គ្រឿងញៀន។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕EB