ទីក្រុងហ្សឺណែវ ៖អង្គការសុខភាពពិភពលោកហៅកាត់ថាWHO បាននិយាយនៅថ្ងៃទី១២ខែធ្នូឆ្នាំ២០២១ថា វីរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុង គឺអាចឆ្លងរាលដាលលឿនជាងវីរុសកូវីដ-១៩ប្រភេទដែលតា និងកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំងផងដែរ ប៉ុន្តែមិនបណ្តាលឱ្យមានរោគសញ្ញាធ្ងន់ធ្ងរទេ។ នេះបើយោងតាមទិន្នន័យដំបូង។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតឱសថប្រឆាំងនឹងមេរោគកូវីដ-១៩ Pfiz er-BioNTech កាលពីសប្តាហ៍មុនបាននិយាយថា វ៉ាក់សាំងរបស់ខ្លួននៅតែមានប្រសិទ្ធភាពទប់ទល់នឹងមេរោគបំប្លែងថ្មីមួយនេះ បើចាក់គ្រប់ចំនួនបីដូស។ នេះបើតាមសារព័ត៌មាន Reutersចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

ដូច្នេះហើយទើបបានជាប្រទេសដែលមានការផ្គត់ផ្គង់វ៉ាក់សាំងគ្រប់គ្រាន់ ដូចជាចក្រភពអង់គ្លេសនិងបារាំង លើកទឹកចិត្តប្រជាជនរបស់ខ្លួន ឱ្យទៅចាក់វ៉ាក់សាំងដូសជំរុញឬដូសទីបី ដើម្បីប្រយុទ្ធប្រឆាំងនឹងអូមីក្រុង។

នៅក្នុងសេចក្តីប្រកាស អំពីការស្រាវជ្រាវមួយ ដោយក្រុមអ្នកវិទ្យាសាស្ត្រ របស់ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃសៅរ៍ម្សិលមិញ បានរកឃើញថា វ៉ាក់សាំងទាំងបីដូសដោយ វ៉់ាក់សាំងប្រភេទ Pfizer នឹងអាចផ្តល់នូវរបាំងការពារ ចំពោះមេរោគថ្មីអូមីក្រុងបាន។ការរកឃើញ និងអំណះអំណាងថ្មីនេះ ត្រូវបានធ្វើឡើងស្រដៀង ទៅនឹងការប្រកាសដោយក្រុមហ៊ុន BioNTech និង Pfizer ផងដែរដែលបានធ្វើឡើង កាលពីដើមសប្តាហ៍ កន្លងមកថា ដូសជម្រុញរបស់ខ្លួនអាចការពារ និងទប់ទល់នឹងមេរោគ ប្រភេទថ្មីមួយនេះ។

សូមរំលឹកថា លេចឡើងវីរុសអូមីក្រុងបានបំផុសឱ្យមានក្តីព្រួយបារម្ភស្ទើរទូទាំងពិភពលោក និងជំរុញឱ្យបណ្តាប្រទេសជាច្រើនចេញវិធានការបិទខ្ទប់ព្រំដែននិងជើងហោះហើរជាមួយទ្វីបអាហ្វ្រិកប៉ែកខាងត្បូង។ គិតមកទល់ពេលនេះ អូមីក្រុង បានធ្វើដំណើរឆ្លងដល់គ្រប់ទ្វីប តែដែលតានៅតែជាមេរោគលេចធ្លោនិងរីករាលដាលចម្លងខ្លាំងជាងគេទូទាំងពិភពលោកដដែល៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ