ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានវាយតម្លៃថា ទីក្រុងមូស្គូកំពុងទិញគ្រាប់កាំភ្លើងធំពីប្រទេសកូរ៉េខាងជើង
អាមេរិក៖ សារព័ត៌មាន New York Times បានរាយការណ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានវាយតម្លៃថា ទីក្រុងមូស្គូកំពុងទិញគ្រាប់កាំភ្លើងធំពីប្រទេសកូរ៉េខាងជើង ដោយយោងតាមរបាយការណ៍ដែលថា យោធារុស្ស៊ីបានចាប់ផ្តើមប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (drones) ដែលផលិតដោយអ៊ីរ៉ង់។
មន្ត្រីរដ្ឋាភិបាលអាមេរិកបានប្រាប់កាសែតថា ការទិញនេះបង្ហាញថា ទណ្ឌកម្មបានចាប់ផ្តើមញ៉ាំញីនិងកាត់បន្ថយសមត្ថភាពរបស់រុស្ស៊ី ក្នុងការរក្សាការឈ្លានពានរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន ដែលទីក្រុងម៉ូស្គូបានហៅថា ជា "ប្រតិបត្តិការយោធាពិសេស"។
របាយការណ៍របស់កាសែត The Times កាលពីថ្ងៃចន្ទ ក៏បាននិយាយថា ការស៊ើបការណ៍សម្ងាត់ដែលទើបនឹងបែងចែកនាពេលថ្មីៗនេះ មិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលត្រូវបានទិញនោះទេ លើសពីការនិយាយថា របស់របររួមមាន គ្រាប់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែត។ ជាងនេះទៀតសោដ របាយការណ៍ក៏បានអោយដឹងដែរថា ប្រទេសរុស្ស៊ីត្រូវបានគេរំពឹងថា នឹងទិញឧបករណ៍បែបនេះបន្ថែមទៀត។
កាលពីខែមុន មន្ត្រីអាមេរិកម្នាក់បានប្រាប់ទៅសារព័ត៌មានថា យន្តហោះគ្មានមនុស្សបើកដែលផលិតដោយអ៊ីរ៉ង់របស់រុស្ស៊ីបានរង "ការបរាជ័យជាច្រើន"។ មន្ត្រីរូបនេះបាននិយាយថា រុស្ស៊ីទំនងជាមានគម្រោងទិញយកយន្តហោះគ្មានមនុស្សបើកស៊េរី Mohajer-6 និង Shahed-series (UAVs) រាប់រយគ្រឿង។
គួររំលឹកថា ថ្មីៗនេះ អ៊ុយក្រែនបានបើកការវាយលុកនៅទីតាំងជាច្រើន រួមទាំងជុំវិញទីក្រុង Kherson ដែលរុស្ស៊ីបានកាន់កាប់តាំងពីដើមដំបូងនៃការលុកលុយ។ ក្នុងការត្រៀមខ្លួនសម្រាប់ការវាយប្រហារទាំងនោះ កងកម្លាំងអ៊ុយក្រែនបានវាយប្រហារតំបន់ផ្គត់ផ្គង់របស់រុស្ស៊ី រួមទាំងកន្លែងដែលមានកាំភ្លើងធំ និងគ្រាប់រំសេវផងដែរ៕