មនុស្ស ៥នាក់ស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារនៅក្លឹបរាត្រី ក្នុងទីក្រុង Colorado Springs នៃរដ្ឋ Colorado
អាមេរិក៖នគរបាលបាននិយាយថា មនុស្ស ៥នាក់បានស្លាប់ និង១៨នាក់ រងរបួសក្នុងការបាញ់ប្រហារនៅក្លឹបកម្សាន្តរាត្រី សម្រាប់ភេទទី៣ ក្នុងទីក្រុងColorado Springs នៃរដ្ឋ Colorado សហរដ្ឋអាមេរិក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២២។
ជនសង្ស័យត្រូវបានគេកំណត់អត្តសញ្ញាណមានឈ្មោះថា Anderson Lee Aldrich វ័យ២២ឆ្នាំ ហើយស្នងការនគរបាលក្រុង Colorado Springs លោក Adrian Vasquez បាននិយាយកាលពីថ្ងៃអាទិត្យថា ជនល្មើសបានប្រើកាំភ្លើងវែង និងបានចាប់ផ្ដើមបាញ់ប្រហារភ្លាមៗ បន្ទាប់ពីចូលទៅដល់ក្នុងក្លឹបកម្សាន្តនោះ។
ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់អាវុធចំនួនពីរ រួមទាំង “កាំភ្លើងវែង” ដែលប្រើក្នុងអំឡុងការបាញ់ប្រហារនោះ ត្រូវបានរកឃើញនៅក្លឹប Q បន្ទាប់ពីការវាយប្រហារកាលពីយប់ថ្ងៃសៅរ៍។
ក្នុងនោះអាជ្ញាធរបាននិយាយថា បុរសម្នាក់ខាងលើ នោះត្រូវបានចាប់ខ្លួននៅឆ្នាំ ២០២១ បន្ទាប់ពីម្តាយរបស់គាត់បានរាយការណ៍ថាគាត់បានគម្រាមនាងជាមួយនឹងគ្រាប់បែកផលិតនៅផ្ទះ និងអាវុធផ្សេងៗទៀត។ ពួកគេបដិសេធមិនបញ្ជាក់លម្អិតអំពីការចាប់ខ្លួននោះទេ។អាជ្ញាធរបាននិយាយថា ជនរូបនោះមិនបានរកឃើញគ្រឿងផ្ទុះនោះទេ ហើយកាសែត The Gazette នៅរដ្ឋ Colorado Springs បានរាយការណ៍ថា ព្រះរាជអាជ្ញាមិនបានបន្តការចោទប្រកាន់ណាមួយឡើយ ៕SP