ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ កុំលើកដីផ្ទះខ្ពស់ជាងផ្លូវ នាំឲ្យផ្លូវឆាប់ខូច កុំយកផ្លូវធ្វើជាកន្លែងទីផ្សារ កន្លែងលក់ដូរ បង្កឲ្យមានការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ជាដើម។

នាឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) នាថ្ងៃទី២៣ មិថុនា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា «សូមសុំឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវសុំកុំលើកដីផ្ទះខ្ពស់ជាងផ្លូវ ធ្វើឲ្យទឹកហូរលើផ្លូវ នាំឲ្យផ្លូវឆាប់ខូច កុំយកផ្លូវធ្វើជាកន្លែងទីផ្សារ កន្លែង លក់ដូរ បង្កឲ្យមានការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ និងមិនត្រូវដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ដោយច្បាប់ជាដើម»។

លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ប្រុងប្រយ័ត្នដោយសារ ឃើញផ្លូវល្អ ហើយបើកបរលើសល្បឿនកំណត់ដោយមិនដឹងខ្លួន ត្រូវពាក់មួកសុវត្ថិភាពពេលជិះម៉ូតូ និងពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវពេលបើកបររថយន្ត មិនត្រូវប្រើគ្រឿងស្រវឹង ឬគ្រឿងញៀន និងមិនត្រូវប្រើ ទូរសព្ទនៅពេលបើកបរដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ លោក បញ្ជាក់ថា «បច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន៥នាក់ របួសពី១០ទៅ១៥ក្នុងមួយថ្ងៃ ខាតបង់ថវិកាជាតិ និងថវិកាឯកជនប្រមាណពី៤០០ ទៅ ៤២០ លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ»។ 

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ និងច្បាប់ផ្លូវថ្នល់ទាំងអស់គ្នា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាទ្រព្យសម្បត្តិជាតិ កាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបន្សល់ទុកនូវកុមារកំព្រា ស្ត្រីមេម៉ាយ ធ្វើឲ្យមានការលំបាកដល់យុទ្ធនាការកម្មវិធីរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ