ភ្នំពេញ៖គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំ គិតត្រឹមចុងខែមេសា ឆ្នាំ២០២២ ការ​ងារសាសង់សម្រេចបាន ៣៣,៥៨%ហើយ គ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយមុន​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ ។នេះបើតាមការឱ្យដឹងពីលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹកជញ្ជូននា​ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ក្នុងជួបពិភាក្សាការងារជាមួយសមាគមនិកាយ​សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ​នៃពួកបរិសុទ្ធថ្ងៃចុង ។

 

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អគារថ្មីនៃមន្ទីរពេទ្យតេជោ សែនកោះធំ ត្រូវបានគ្រប់គ្រង និងធ្វើ​ប្រតិបត្តិការតាមម៉ូដែលស្វ័យត ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរពេទ្យកាល់ម៉ែត ដើម្បី​ធានានិរន្តរភាពនៃដំណើរការមន្ទីរពេទ្យនេះប្រកបដោយប្រសិទ្ធភាព សំដៅឆ្លើយតបទៅនឹងតម្រូ​វ​ការ​ជាក់ស្តែងរបស់អ្នកស្រុកកោះធំ និង ប្រជាពលរដ្ឋមកពីតំបន់ជុំវិញស្រុកកោះធំ ក៏ដូចជាសមស្របតាម​កម្មវិធីនយោ​​បាយរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ 

 

​សូមជម្រាបជូនថា៖ គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន៖ ការសាងសង់អគារថ្មីចំនួន០៣ខ្នង ១)អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់​ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ ២) អគារខាងឆ្វេង ចំនួន ០១ខ្នង មាន០២ជាន់ អគារខាងស្តាំចំនួន០១ខ្នង មាន០២ជាន់ ។

 

អគារទាំង ០៣ ខាងលើមានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបាន ចំនួន ១៥០ គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើ បៗបម្រើឱ្យ ការព្យាបាល គ្រោងចំណាយពេលសាងសង់ចំនួន១២ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់ការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធ នៅខែធ្នូ ឆ្នាំ២០២២ខាងមុខ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ