ភ្នំពេញ  ៖  ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា វឌ្ឍនភាពការងារ  នៃគម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ គិតរហូតមកទល់ពេលនេះ សម្រេចបាន ៧៣,៧០% ហើយ គ្រោងនឹងបញ្ចប់ការស្ថាបនាជាស្ថាពរនៅមុនខែកញ្ញា ឆ្នាំ២០២៣។ 

យោងតាមរបាយការណ៍អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា  "វឌ្ឍនភាពការងារនៃគម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ គិតរហូតមកទល់ពេលនេះ សម្រេចបាន ៧៣,៧០% ហើយ នៅសល់តែការងារដូរទំហំការងារស្ពាននៅប្រឡាយ៩៤ និងប្រឡាយ៩៦ ការងារស្ពានរំលងត្រង់ផ្លូវជាតិលេខ៤ ការងារផ្លូវគីឡូម៉ែត្រ ០+០០ ដល់ គីឡូម៉ែត្រ ៤+៩០០ ជាដើម ហើយគម្រោងនេះគ្រោងនឹងបញ្ចប់ការស្ថាបនាជាស្ថាពរនៅមុនខែកញ្ញា ឆ្នាំ២០២៣ខាងមុខ"។ 

គួរបញ្ជាក់ថា  នាថ្ងៃទី២៦ ឧសភា លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចម្រុះចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដើម្បីពិនិត្យវឌ្ឍនភាពការងារគម្រោងដែលកំពុងស្ថាបនា។ 

ការចុះត្រួតពិនិត្យនេះ ក៏ដើម្បីផ្តល់ធាតុចូលដល់ក្រុមការងាររៀបចំអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (Road Care Supervision) បន្ថែមលើកម្មវិធីថែទាំផ្លូវ (Road Care Mobile App) ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។ 

ក្នុងដំណើរបេសកកម្មនេះ ក្រុមការងារអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (Road Care Supervision) នៃអគ្គនាយកដ្ឋានបច្ចេកទេស និងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ បានបានសិក្សាស្វែងយល់ទៅលើលំហូរការងារបច្ចេកទេស ដែលកំពុងអនុវត្តលើស្រទាប់តួផ្លូវ គ្រឹះរង គ្រឹះសំខាន់ Prime Coat កម្រាលបេតុង និងសំណង់សិល្បការ្យមួយចំនួនទៀតផងដែរ។ 

ជាងនេះទៅទៀត ក្រុមការងារក៏បានស្វែងយល់លើការងារពិសោធន៍មួយចំនួនដែលកំពុងអនុវត្តជាក់ស្តែងក្នុងការដ្ឋានដែលក្នុងនោះរួមមាន៖ ការធ្វើពិសោធ Benkelman Beam Test ការចាក់សំណាកគំរូបេតុងសង្កត់ ការពិនិត្យលើកម្រាស់បេតុង ការកាត់តំណបេតុង និងការថែទាំបេតុងក្រោយសាងសង់រួចជាដើម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ