អភិបាលខេត្តព្រះសីហនុ បញ្ជាដល់មន្រ្តីពាក់ព័ន្ធជូនដំណឹងដល់ប្រជានេសាទ និងភ្ញៀវទេសចរឱ្យឡើងគោក ឬកោះជាបន្ទាន់
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំ ដល់មន្រ្តីពាក់ព័ន្ធ និងម្ចាស់ទូក កាណូតទាំងអស់ ខិតខំរកមធ្យោបាយជូនដំណឹង ដល់ប្រជានេសាទនិងភ្ញៀវទេសចរ ដែលកំពុងស្ថិតនៅក្នុងលំហរសមុទ្រ ឱ្យឡើងគោកឬកោះ ជាបន្ទាន់ ព្រោះកម្ពុជានឹងបន្តទទួលរងឥទ្ធិពលពីព្យុះទី១៦ ឈ្មោះ ណូរុ (NORU) បណ្តាលឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។
ការចេញសេចក្ដីណែនាំនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ថា កម្ពុជានឹងបន្តទទួលរងឥទ្ធិពលពីព្យុះទី១៦ ឈ្មោះ ណូរុ (NORU) ដែលបណ្តាលឱ្យមានភ្លៀងធ្លា ក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយនៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងលាយឡំនឹងខ្យល់បក់បោកខ្លាំង រលកសមុទ្រខ្ពស់ បន្តរហូតដល់ ថ្ងៃទី ៣០ ខែ កញ្ញា ។
តាមរយៈសារជាសំឡេង ប្រមាណជា២នាទី លោក គួច ចំរើន បានស្នើសុំឱ្យមានការយកចិត្តទុកដាក់លើការងារពីរយ៉ាង គឺ៖
១/ ស្នើសុំឱ្យមានជួយណែនាំប្រាប់ទៅបងប្អូនប្រជាពលរដ្ឋ ប្រជានេសាទនិងអ្នកដំណើរទាំងឡាយ ម្ចាស់ទូក កាណូតសុំឱ្យផ្អាកការធ្វើដំណើរនៅក្នុងសមុទ្រ ឬទៅតាមកោះ ដែលអាចជួបហានិភ័យកើតឡើង។
២/ចំពោះបងប្អូននេសាទ ដែលពេលបានចេញទៅនេសាទនៅតាមកោះ ឬនៅក្នុងលំហរសមុទ្រ សូមឱ្យខិតខំរកមធ្យោបាយជូនដំណឹង ទៅឱ្យពួកគាត់ ដើម្បីបានទៅរកទីទួលសុវត្ថិភាព តាមកោះឬលើគោកវិញឱ្យទាន់ពេលវេលា ហើយត្រូវត្រៀមឧបករណ៍ការពារសុវត្ថិភាព ដូចជាអាវពងជាដើម ក្នុងពេលធ្វើដំណើរមកកាន់ដីគោក ឬដីកោះ៕