ឥណ្ឌា ៖ មនុស្សចំនួន១២៧នាក់បានបាត់ខ្លួននៅថ្ងៃទី១៨ ខែឧសភា នេះ បន្ទាប់ពីកប៉ាល់មួយគ្រឿងដែលចាកចេញពីឆ្នេរសមុទ្រនៅទីក្រុងម៉ុមបៃ បានលិចអំឡុងពេលមានព្យុះស៊ីក្លូន Tauktae។ កងទ័ពជើងទឹកឥណ្ឌាបាននិយាយថា មកដល់ពេលនេះ នាវាសង្គ្រោះ និងឧទ្ធម្ភាគចក្រចំនួន២គ្រឿង ត្រូវបានដាក់ពង្រាយដើម្បីជួយក្នុងដំណើរការរុករក។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន CNA

កប៉ាល់ដែលលិចនេះ បានដឹកមនុស្សចំនួន ២៧៣នាក់ ហើយបានចាកចេញកាលពីថ្ងៃ១៧ ខែឧសភា កន្លងទៅ។ ខណៈដែលព្យុះស៊ីក្លូន Tauktae បានបោកបក់នៅឆ្នេរភាគខាងលិចប្រទេសឥណ្ឌា។ ដោយបណ្តាលឱ្យមានរលកធំៗបោកបក់យ៉ាងខ្លាំង។

ក្រសួងការពារជាតិឥណ្ឌាបាននិយាយថា មនុស្ស ១៤៦នាក់ត្រូវបានជួយសង្គ្រោះចេញពីកប៉ាល់នោះ។ ហើយដំណើរការរុករកត្រូវរំពឹងថា នឹងបន្តពេញមួយថ្ងៃ ដើម្បីស្វែងរកអ្នកដែលបានបាត់ខ្លួន។ បើទោះជាស្ថានភាពទឹកសមុទ្រមានរលកបោកបក់ខ្លាំងយ៉ាងណាក៏ដោយ។

គួរបញ្ជាក់ថា ព្យុះស៊ីក្លូន Tauktae បានវាយប្រហារនៅក្នុងរដ្ឋ Kerala, Goa, Maharashtra និងរដ្ឋ Gujarat របស់ឥណ្ឌា ដោយបានបំផ្លិចបំផ្លាញផ្ទះសំបែង និងបណ្តាលឱ្យបាក់រលំដើមឈើ និងបង្គោលភ្លើងជាច្រើន។ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ