ធនាគារ ប្រ៊ីដ និងក្រុមហ៊ុន អ អិម អេ ចុះកិច្ចសហប្រតិបត្តិកាផ្តល់ឥណទានរថយន្ត រថយន្តដឹកទំនិញ គ្រឿងចក្រធុនធ្ងន់ និងម៉ាស៊ីនលើកដាក់ទំនិញ
ភ្នំពេញ ៖ ធនាគារ ប្រ៊ីដ ម.ក និងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីសហការផ្តល់ឥណទានរថយន្ត រថយន្តដឹកទំនិញ គ្រឿងចក្រធុនធ្ងន់ និងម៉ាស៊ីនលើកដាក់ទំនិញ ហើយតាមរយៈកិច្ចសហការនាពេលនេះ នឹងផ្តល់ជាមធ្យោបាយងាយស្រួល និងលឿនរហ័សសម្រាប់អតិថិជនដើម្បីក្លាយជាម្ចាស់រថយន្តដឹកទំនិញម៉ាក FUSO គ្រឿងចក្រ JCB និង TCM Forklift របស់ក្រុមហ៊ុន អ អិម អេ ដោយមិនចាំបាច់មានសាច់ប្រាក់គ្រប់ចំនួនឡើយ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃ ២២ ខែតុលា ឆ្នាំ ២០២៥ ដើម្បីប្រកាសភាពជាដៃគូសហការលើការផ្តល់ឥណទានរថយន្ត រថយន្តដឹកទំនិញ គ្រឿងចក្រ និងម៉ាស៊ីនលើកដាក់ទំនិញ ដែលចុះហត្ថលេខាដោយ លោក Richard Liew នាយកប្រតិបត្តិធនាគារ ប្រ៊ីដ និងលោក Erwan Soubelet ប្រធានផ្នែកហិរញ្ញវត្ថុនៃ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា)។ ពិធីនេះក៏មានការអញ្ចើញចូលរួមពីគណៈគ្រប់គ្រងមកពីស្ថានប័នទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។
អគ្គនាយកធនាគារ ប្រ៊ីដ លោក Richard Liew បានថ្លែងថា «យើងពិតជាមានសេចក្តីសោមន្ស រីករាយ ដែលបានក្លាយជាដៃគូសហការជាមួយ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដើម្បីរួមគ្នា ផ្តល់ជូនដំណោះស្រាយដ៏មានសារៈសំខាន់សម្រាប់អតិថិជន។ យើងជឿជាក់ថាគ្រប់គ្នាស័ក្តិសម នឹងទទួលបានរថយន្តដឹកទំនិញ គ្រឿងចក្រ និងម៉ាស៊ីនលើកដាក់ទំនិញ ដែលមានគុណភាពសមស្របទៅនឹងការប្រើប្រាស់របស់ពួកគេ។ ហើយយើងចង់ធ្វើឱ្យក្តីស្រមៃនោះក្លាយជាការពិត សម្រាប់អតិថិជន មិនថាជាប្រជាជនកម្ពុជា ឬជនជាតិបរទេសកំពុងរស់នៅប្រទេសកម្ពុជា ដែលអតិថិជនមិនបាច់បារម្ភលើការមិនមានថវិការគ្រប់គ្រាន់ក្នុងការទិញរថយន្តដឹកទំនិញ គ្រឿងចក្រធុនធ្ងន់ និងម៉ាស៊ីនលើកដាក់ទំនិញឡើយ ដោយធនាគារ ប្រ៊ីដផ្តល់ជូននូវឥណទានសរុបរហូតដល់៨៥% នៃតម្លៃទំនិញសរុប សម្រាប់រថយន្តដឹកទំនិញម៉ាក FUSO និងគ្រឿងចក្រធុនធ្ងន់ម៉ាក JCB ក៏ដូចជាទំហំកម្ចីរហូតដល់ទៅ៨0%នៃតម្លៃសរុប សម្រាប់ម៉ាស៊ីនលើកដាក់ទំនិញម៉ាក TCM Forklift ជាមួយនឹងរយៈពេលកម្ចីរហូតដល់ ៧ឆ្នាំ»។
ធនាគារ ប្រ៊ីដ គឺជាគ្រឹះស្ថានធនាគារពាណិជ្ជ ដែលផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសំបូរបែប និងជាស្ថាប័នធនាគារ ដែលកំពុងបង្ហាញការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា។ ចំណែកឯ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) គឺជាក្រុមហ៊ុនតែមួយគត់ដែលនាំចូល និងចែកចាយនូវរថយន្តដឹកទំនិញម៉ាក FUSO គ្រឿងចក្រធុនធ្ងន់ម៉ាក JCB និងម៉ាស៊ីនលើកដាក់ទំនិញម៉ាក TCM Forklift ប្រចាំទីផ្សារក្នុងប្រទេសកម្ពុជា។
តាមរយៈកិច្ចសហការនាពេលនេះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីការស្នើកម្ចីពីធនាគារ ប្រ៊ីដ ដែលមានភាពងាយស្រួល និងអនុម័តកម្ចីលឿនតាមដែលអាចធ្វើទៅបាន បន្ទាប់ពីអតិថិជនបានបំពេញឯកសារចាំបាច់ និងឆ្លងកាត់ដំណើរការពិនិត្យរបស់ធនាគាររួចរាល់។ លក្ខខណ្ឌក្នុងការផ្តល់ឥណទាននេះ គឺមានភាពទាក់ទាញ ដែលអតិថិជនអាចស្នើសុំប្រាក់កម្ចីទំហំចាប់ពី ១០,០០០ ដុល្លារអាមេរិកឡើងទៅ ។
លោក Erwan Soubelet ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន អ.អិម.អេ (ខេមបូឌា) បានថ្លែងថា «ការសហការនេះមិនមែនជាកិច្ចព្រមព្រៀងអាជីវកម្មទេ ប៉ុន្តែជាការរួមបញ្ចូលគ្នានៃការចែករំលែកនូវគុណតម្លៃ ចក្ខុវិស័យ និងការប្តេជ្ញាដ៏ជ្រាលជ្រៅចំពោះការរីកចម្រើននៃសេដ្ឋកិច្ចប្រទេសកម្ពុជា»។
លោក Erwan បានបន្តទៀតថា «ជាមួយគ្នា ក្រុមហ៊ុន RMA Cambodia និងធនាគារ ប្រ៊ីដ កំពុងបើកទំព័រសករាជថ្មីសម្រាប់អាជីវកម្មផ្សេងៗជាច្រើនទូទាំងប្រទេសដោយរួមបញ្ចូលជំនាញរបស់យើងក្នុង វិស័យដឹកជញ្ជូន រថយន្តដឹកទំនិញម៉ាក FUSO គ្រឿងចក្រធុនធ្ងន់ម៉ាក JCB និងម៉ាស៊ីនលើកដាក់ទំនិញម៉ាក TCM Forklif និងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាពរបស់ធនាគារ ប្រ៊ីដ »។
អតិថិជនអាចអញ្ជើញមកទស្សនាអគារតាំងបង្ហាញ រថយន្តដឹកទំនិញម៉ាក FUSO គ្រឿងចក្រធុនធ្ងន់ម៉ាក JCB និងម៉ាស៊ីនលើកដាក់ទំនិញម៉ាក TCM Forklif នៃក្រុមហ៊ុន អ.អិម.អេ នៅគ្រប់សាខាក្នុងរាជធានីភ្នំពេញ និងតាមបណ្តារខេត្តផ្សេងៗដើម្បីស្វែងយល់បន្ថែមអំពីការផ្តល់ជូន និងស្នើកម្ចីទិញរថយន្ត រថយន្តដឹកទំនិញ គ្រឿងចក្រ និងម៉ាស៊ីនលើកដាក់ទំនិញ ពីធនាគារ ប្រ៊ីដ ។ ការផ្តល់ជូននេះ គឺជាឱកាស ដ៏ល្អសម្រាប់អតិថិជនដើម្បីក្លាយជាម្ចាស់រថយន្តដឹកទំនិញ FUSO គ្រឿងចក្រ JCB និងម៉ាស៊ីនលើកដាក់ទំនិញ TCM Forklift ស៊េរីថ្មី ហើយថែមទាំងរីករាយជាមួយជម្រើសផ្តល់ការទូទាត់មានភាពបត់បែនជាមួយធនាគារ ប្រ៊ីដ ៕