រដ្ឋមន្រ្តីការពារជាតិ កម្ពុជា-ថៃ-ម៉ាឡេស៊ី បានឯកភាពគ្នា ក្នុងការរក្សាសន្ទុះនៃការស្វែងរកសន្តិភាពឡើងវិញ នៅព្រំដែន កម្ពុជា-ថៃ
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុ បានឲ្យដឹងថា រដ្ឋមន្រ្តីការពារជាតិកម្ពុជា-ថៃ និងម៉ាឡេស៊ី បានឯកភាពគ្នាក្នុងការរក្សាសន្ទុះនៃការស្វែងរកសន្តិភាពឡើងវិញនៅព្រំដែនកម្ពុជា-ថៃ ។
ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ គឺនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានចូលរួមជំនួបត្រីភាគីរវាងលោក Mohamed Khaled Bin Nordin រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី និងលោកនាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ។
លោកស្រីថា ជាលទ្ធផល ភាគីទាំងបីបានឯកភាពគ្នាក្នុងការបន្តខិតខំថែរក្សាសន្ទុះនៃការស្វែងរកសន្តិភាពឡើងវិញរវាងប្រទេសកម្ពុជា និងថៃ តាមរយៈយន្តការសំខាន់ៗដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលព្រឹកថ្ងៃ២៣ តុលានេះ។
ក្នុងនោះភាគីកម្ពុជាក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងមានប្រសិទ្ធភាពរបស់ម៉ាឡេស៊ីក្នុងការជួយសម្របសម្រួលដល់ការចរចារវាងកម្ពុជា និងថៃកន្លងមក ៕