ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលជាតួអង្គសំខាន់ផ្ដួចផ្ដើមចរចាសម្របសម្រួលជាមួយគ្រប់ភាគីទាំងអស់ រហូតឈានទៅបង្កើតបានទាំងស្រុងនូវកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣តុលា ១៩៩១ បានប្រតិកម្មចំពោះអ្នកដែលលើកឡើងឲ្យយកបញ្ហាព្រំដែនកម្ពុជា-ថៃ ប្ដឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ដើម្បីកោះប្រជុំបន្ទាន់លើបញ្ហាព្រំដែននេះ។

ក្នុងសម័យប្រជុំលើកទី៤ នីតិកាលទី៥ នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ គឺបានដើរហួសពីកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសហើយ ព្រោះរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ (ICJ) និងក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ព្រមទាំងវេទិកាអន្ដរជាតិនានាដទៃទៀត។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស មិនមានសមត្ថកិច្ចក្នុងការដោះស្រាយ ឬសម្របសម្រួលបញ្ហាព្រំដែនរវាងកម្ពុជា-ថៃឡើយ ហើយធាតុចូលរបស់កិច្ចព្រមព្រៀងនេះ បានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងដែរ។ ម្យ៉ាងទៀតកិច្ចព្រមព្រៀងនេះ ក៏អស់សុពលភាពនៅពេលសភាធម្មនុញ្ញ បានក្លាយទៅជាសភាជាតិ បង្កើតរដ្ឋាភិបាល និងបានបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវមានអ្នកអំពាវនាវឲ្យប្ដឹងទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស កោះប្រជុំជាបន្ទាន់ ទាក់ទិននឹងការឈ្លានពានរបស់ប្រទេសជិតខាង។ ប៉ុន្ដែសួរថា សហប្រធានគាត់ព្រមទេ? សាកល្បងសួរទៅឥណ្ឌូនេស៉ី និងបារាំងមើល តើគេព្រមកោះដែរទេ? ហើយហត្ថលេខីទាំងឡាយគេព្រមចូលរួមទេ ហើយដោះស្រាយរបៀបមិច [...] នេះ ! បានទៅហួសពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ (ICJ) និងក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងវេទិការអន្ដរជាតិដទៃទៀត»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ