មេបញ្ជាការថ្មីដែលលោក ពូទីន តែងតាំងឱ្យដឹកនាំសង្គ្រាមនៅអ៊ុយក្រែន ជាអ្នកមើលការខុសលើការទម្លាក់គ្រាប់បែក នៅទីក្រុងអាឡេប៉ូរបស់ប្រទេសស៊ីរី
រុស្ស៊ី៖ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានតែងតាំងឧត្តមសេនីយ៍ Sergey Surovikin ឲ្យដឹកនាំប្រតិបត្តិការសង្គ្រាមនៅអ៊ុយក្រែន បន្ទាប់ពីយោធារងបរាជ័យជាបន្តបន្ទាប់ និងភាពចម្រូងចម្រាសកាន់តែខ្លាំងឡើងនៅក្នុងប្រទេសរុស្ស៊ី ជុំវិញការលុកលុយអ្នកជិតខាងរបស់ខ្លួន។
ការតែងតាំងកាលពីថ្ងៃសៅរ៍ទី០៨ខែតុលា ធ្វើឡើងបន្ទាប់ពីការបណ្តេញមេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ីពីររូប ខណៈទីក្រុង កៀវ ដណ្តើមបានមកវិញ នូវទឹកដីដែលធ្លាក់ទៅដៃរុស្ស៊ី នៅភាគឦសាន និងភាគខាងត្បូងប្រទេសអ៊ុយក្រែន។ការតែងតាំងក៏កើតឡើងផងដែរ ចំពេលទីក្រុងមូស្គូ រងការវាយប្រហារដ៏ធំមួយបន្ទាប់ពីការបំផ្លិចបំផ្លាញផ្នែកខ្លះនៃស្ពាន Kerch ដែលជាតំណភ្ជាប់ដ៏សំខាន់ រវាងរុស្ស៊ីនិងតំបន់គ្រីមៀ ។
លោក Surovikin បានជាប់ពន្ធនាគារពីរដង។ លើកដំបូង គាត់ជាប់រយៈពេល៦ខែ បន្ទាប់ពីទាហាននៅក្រោមបញ្ជារបស់គាត់ បានសម្លាប់បាតុករបីនាក់ក្នុងទីក្រុងមូស្គូ អំឡុងពេលរដ្ឋប្រហារខែសីហាឆ្នាំ១៩៩១ មុនចុងបញ្ចប់នៃសហភាពសូវៀត។ ក្រោយមក គាត់ត្រូវបានដោះលែងដោយគ្មានការកាត់ទោស។ ៤ឆ្នាំក្រោយមក គាត់បានទទួលការកាត់ទោសសម្រាប់ការជួញដូរអាវុធខុសច្បាប់។
ឧត្តមសេនីយ៍រូបនេះ ត្រូវបានគេចោទប្រកាន់ថា ជាអ្នកមើលការខុសលើការទម្លាក់គ្រាប់បែកដ៏ឃោរឃៅ ដែលបានបំផ្លាញទីតាំងភាគច្រើននៃទីក្រុងអាឡេប៉ូរបស់ប្រទេសស៊ីរី ជាកន្លែងដែលរុស្ស៊ី បានធ្វើអន្តរាគមន៍លើភាគីលោក បាសា អាល់អាសាដ។នៅក្នុងរបាយការណ៍ដែលបោះពុម្ពផ្សាយក្នុងខែតុលាឆ្នាំ២០២០, អង្គការឃ្លាំមើលសិទ្ធិមនុស្សបានរាយឈ្មោះគាត់ថាជាមេបញ្ជាការម្នាក់ ដែលអាចទទួលខុសត្រូវលើការបញ្ជាសម្រាប់ការរំលោភបំពាន ក្នុងអំឡុងពេលនៃការវាយលុកឆ្នាំ ២០១៩-២០២០ នៅខេត្ត អ៊ីដលីប របស់ប្រទេសស៊ីរី៕SP