ភ្នំពេញ៖ហ្វូងសត្វខ្ទីងដែលមានទាំងសត្វខ្ទីងធំ សត្វខ្ទីងតូចៗជាច្រើនត្រូវបានក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថាន ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិបង្ហាញវត្តមាននៅក្នុងដែនជម្រកសត្វព្រៃនៅកម្ពុជានាពេលថ្មីៗនេះ។ វត្តមាននៃកូនសត្វខ្ទីងជាច្រើន ខណៈសត្វខ្ទីងត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថា ជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។


ចំនួនសត្វខ្ទីងត្រូវបានសិក្សាថា មានការថយចុះជាង ៨០% ក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ ហើយសត្វខ្ទីងនៅលើពិភពលោកបានថយចុះប្រមាណ ៩០% ចាប់ពីពាក់កណ្តាលសតវត្សរ៍ទី២០មក។ តាមការសិក្សារបស់អ្នកជំនាញ សត្វខ្ទីងនៅកម្ពុជាមានការធ្លាក់ចុះប្រមាណជាង ៥០% នៅក្នុងអំឡុង ពេលចន្លោះពីឆ្នាំ ១៩៦០ មកដល់ដើមឆ្នាំ ១៩៩០។ ចំនួននេះត្រូវបានរកឃើញថា មានការធ្លាក់ចុះបន្ថែ មទៀតរហូតមកដល់ពេលនេះ។

យោងតាមជីវសាស្ត្រ សត្វខ្ទីងអាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកម្ពស់ខ្ពស់រហូតដល់កម្ពស់ជាង ២០០០ម៉ែត្រ ហើយសត្វខ្ទីងរស់នៅក្នុងតំបន់មួយចំនួនដូចជាតំបន់ទេសភាពខ្ពង់រាបខាងកើត និងតំបន់ជួរភ្នំក្រវាញជាដើម។ តំបន់ខ្លះមានសត្វខ្ទីងចំនួនច្រើនដូចជានៅក្នុងតំបន់ដែន ជម្រកសត្វព្រៃក្នុងខេត្តមណ្ឌលគិរីជាតំបន់ដែលមានសត្វខ្ទីងរស់នៅច្រើននៅអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៩០ ចន្លោះពីជាង ៥០០ ទៅជាង ១០០០ក្បាល តែចំនួននេះបានថយចុះនៅពេលបច្ចុប្បន្ន។ 


សត្វប្រភេទនេះចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ហើយសត្វខ្ទីងតែងតែចេញរកស៊ីនៅពេលព្រឹក និងពេលល្ងាច។ សត្វខ្ទីងចូលចិត្តរស់នៅជាហ្វូង ហើយអាហាររបស់វា គឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ សត្វខ្ទីងញីអាចបង្កើតកូនបាន១ បន្ទាប់ពីពពោះរយៈពេល ៩ខែ។ សត្វខ្ទីងញីពេញវ័យអាចមានទម្ងន់រហូតដល់ជិត ១ តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់ ១,៥ តោន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ