ភ្នំពេញ ៖ ក្រុមអ្នកស្រាវជ្រាវរបស់ ក្រសួងបរិស្ថាន បានរកឃើញវត្តមានសត្វកែះ ក្នុងតំបន់ការពារធម្មជាតិ តាមរយៈដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងក្របខណ្ឌ នៃការសិក្សាចងក្រងទិន្នន័យប្រភេទសត្វកម្រៗ នៅកម្ពុជា។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបញ្ជាក់ថា «សត្វកែះ ជាប្រភេទសត្វមានដោយកម្រ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះថ្នាក់ជាសកល និងជាសត្វស្ថិតក្នុងឧបសម្ព័ន្ធ ទី១ របស់អនុសញ្ញាសាយតេស។ ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវរបស់ ក្រសួងបរិស្ថាន បានរកឃើញវត្តមានសត្វកែះ នៅក្នុងតំបន់ការពារធម្មជាតិ តាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ស្ថិតក្នុងក្របខណ្ឌ នៃការសិក្សាចងក្រងទិន្នន័យប្រភេទសត្វកម្រៗនៅកម្ពុជា។ ប្រភេទសត្វកម្រនៅលើពិភពលោកនេះ ត្រូវបានកត់សម្គាល់ថា មានវត្តមាននៅក្នុងតំបន់ ការពារធម្មជាតិនៅកម្ពុជា ដែលនេះគឺជាការផ្តល់នូវទិន្នន័យ មួយយ៉ាងសំខាន់សម្រាប់ការអភិរក្សជីវៈចម្រុះនៅកម្ពុជា ក៏ដូចជា សម្រាប់ពិភពលោកទាំងមូល»។ 


ក្រសួង បន្ដថា គេមិនទាន់មានទិន្នន័យពិតប្រាកដថា មានសត្វកែះប៉ុន្មានក្បាលរស់ នៅក្នុងប្រទេសកម្ពុជាទេ តែប្រភេទសត្វនេះមានដង់ស៊ីតេរស់នៅកម្រិតទាបបំផុតដោយសារតែជាសត្វកម្រ។ បច្ចុប្បន្ននេះ សត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជដោយសារការបរបាញ់ ការដាក់អន្ទាក់និងការបាត់បង់ជីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងដោយសារតែការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឺងក្នុងការជួញដូរដោយសារតែជំនឿ។

 

យោងតាមការសិក្សា សត្វកែះ មានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើង៊ វាមានដងខ្លួនខ្លី ហើយជើងទាំង ៤របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះខ្មៅ ប្រផេះ លឿង។ នៅលើពំនូលក្បាលរហូតដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋាន ដូចជាប្រែង។ វាមានស្នែងដូចសត្វពពែ ដុះកោងទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០មម ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។ កន្ទុយខ្លី ហើយមានរោមសំពោងពណ៌ខ្មៅប្រផេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ