ក្រសួងបរិស្ថាន ៖ ជ្រូកពោន កំពុងរងគ្រោះដោយពលរដ្ឋមួយចំនួន ជឿថា ខ្លាញ់របស់វាអាចយកធ្វើថ្នាំបុរាណ
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ជ្រូកពោន ឬជ្រូកព្រុល បច្ចុប្បន្នកំពុងរងគ្រោះដោយបរបាញ់ ដាក់អន្ទាក់ ដើម្បីយកសាច់ និងយកសំណាកធ្វើអាជីវកម្ម ដោយសារប្រជាពលរដ្ឋ មួយចំនួន ជឿថា ខ្លាញ់ជ្រូកពោន អាចយកធ្វើថ្នាំបុរាណជាដើម។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា បានថ្លែងថា ជ្រូកពោន ជាប្រភេទសត្វស្ថិតក្នុងក្រុមមានដោយកម្រស្ថិត ក្នុងបញ្ជីក្រហម IUCN ថា ជាប្រភេទងាយរងគ្រោះ បន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជាជាមួយ ប្រភេទសត្វកម្រៗផ្សេងទៀត ដូចជា ៖ សត្វដំរី ខ្ទីង ទន្សោង ឈ្លូសយក្ស ខ្លារខិន ខ្លាពពក ជាដើម។
លោក បន្ដថា កម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ថា ជាប្រទេសដែលសម្បូណ៌ដោយជីវៈចម្រុះ ក្នុងនោះ សរុបប្រមាណ ៣៩៩៣ ប្រភេទ រួមមាន មានរុក្ខជាតិប្រមាណ ២ ៣០០ប្រភេទ និងប្រភេទសត្វ ដូចជា ថនិកសត្វ ១២៣ប្រភេទ, សត្វស្លាបប្រមាណ, ៥៤៥ប្រភេទ ឧរង្គសត្វ, ៨៨ប្រភេទ, ត្រី ៨៧៤ប្រភេទ និងថលជលិក ៦៣ប្រភេទ។ ចំនួននេះអាចកើនឡើងបន្ថែមទៀតដោយសារតែនៅមានជីវៈចម្រុះជាច្រើនទៀតដែលមិនទាន់បានសិក្សាអស់នៅឡើយ។
លោក បន្ថែមថា ក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានរកឃើញវត្តមាននៃប្រភេទជ្រូកពោន ឬជ្រូកព្រុល នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ គឺជាមោទកភាពរបស់កម្ពុជា និងស័ក្តិសម ដែលពិភពលោកទទួលស្គាល់ថា ជាប្រទេសដែលសម្បូណ៌ដោយធនធានជីវៈចម្រុះ។
លោក បញ្ជាក់ថា «មិនមានការសិក្សាឱ្យបានលម្អិតពីចំនួនសត្វជ្រូកពោន នៅលើពិភពលោក និងនៅកម្ពុជានោះទេ តែអ្វីដែលកត់សម្គាល់ជ្រូកពោនមាននៅតាមតំបន់ព្រៃ ធម្មជាតិរបស់ប្រទេសកម្ពុជា ពិសេសនៅភាគនិរតី ភាគឥសាន និងភាគខាងជើងប្រទេសកម្ពុជា។ របាយប្រជាសាស្ត្ររបស់សត្វជ្រូកពោនក៏មានផងដែរនៅប្រទេសចិន កម្ពុជា ភូមា វៀតណាម និងកោះស៊ូមាត្រាប្រទេសឥណ្ឌូនេស៊ី»។
លោក បញ្ជាក់ទៀតថា «ជ្រូកពោនបច្ចុប្បន្នកំពុងរងគ្រោះដោយសារតែការបរបាញ់ ការដាក់អន្ទាក់ ដើម្បីយកសាច់ និងយកសំណាកធ្វើអាជីវកម្មដោយ សារតែពលរដ្ឋមួយចំនួនមានជឿថាខ្លាញ់ជ្រូកពោនអាចយកទៅធ្វើថ្នាំបុរាណជាដើម» ៕