ករណីកូវីដ-១៩ថ្មីនៅកូរ៉េខាងត្បូងកើនលើស ៥ពាន់ករណី លើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តនៃស្ថានការណ៍កូវីដជាង២ឆ្នាំមកនេះ
កូរ៉េខាងត្បូង៖ នៅថ្ងៃពុធនេះ កូរ៉េខាងត្បូងរកឃើញមានករណីវិជ្ជមានកូវីដ-១៩ថ្មីដល់ទៅលើស៥០០០នាក់ ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តនៃស្ថានការណ៍កូវីដជាង២ឆ្នាំមកនេះ។នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Timesនៅថ្ងៃទី១ខែធ្នូ ឆ្នាំ២០២១។
ខណៈដែលតួលេខនៃអ្នកជំងឺកូវីដដែលមានស្ថានភាពធ្ងន់ធ្ងរទៀតនោះ ក៏ឡើងបំបែកកំណត់ត្រាច្រើនជាងគេបង្អស់ដែរនៅថ្ងៃនេះ បើតាមការចុះផ្សាយទិន្នន័យដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង។ករណីឆ្លងកូវីដថ្មីដែលរកឃើញពេញមួយថ្ងៃពីថ្ងៃអង្គារម្សិលមិញមានដល់ទៅ ៥១២៣ករណី ដែលក្នុងនោះមានដល់ទៅ ៥០៧៥ករណីជាករណីកូវីដដែលឆ្លងក្នុងស្រុក ខណៈដែលតួលេខឆ្លងកូវីដ-១៩ មកដល់ពេលនេះកើនងដល់ ៤៥២៣៥០ករណីហើយ។
បើតាមតួលេខ នេះជាករណីប្រចាំថ្ងៃនៅកូរ៉េខាងត្បូងដែលមានករណីឆ្លងកូវីដថ្មីច្រើនជាងគេបង្អស់ដល់ទៅលើស៥០០០នាក់ជាងនេះ ដែលកំណត់ត្រាកាលពីប៉ុន្មានថ្ងៃមុននេះ គឺមានត្រឹម៤១១៥នាក់ ច្រើនជាងគេបង្អស់កាលពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ។ចំណែកឯករណីអ្នកបាត់បង់ជីវិតមានដល់ទៅ៣៤នាក់ថ្មី ដែលនាំឱ្យតួលេខសរុបនៃករណីបាត់បង់ជីវិតកើនដល់ ៣៦៥៨ករណីហើយ ដែលមានន័យអត្រានៃការបាត់បង់ជីវិតក្នុងចំណោមអ្នកជំងឺកូវីដមានដល់ទៅ ០.៨១% ហើយឥឡូវនេះ។
សម្រាប់តួលេខករណីដែលឈឺធ្ងន់វិញ គិតមកដល់ពេលនេះ ក៏បានបំបែកកំណត់ត្រាថ្មីច្រើនជាងគេបង្អស់ផងដែរ ដល់ទៅ៧២៣ករណី ជាលើកដំបូងហើយដែលកូរ៉េខាងត្បូងមានករណីអ្នកឈឺធ្ងន់ដោយសារកូវីដដល់លើស ៧០០ករណី។ កាលពីថ្ងៃអង្គារម្សិលមិញ តួលេខករណីអ្នកឆ្លងកូវីដដែលមានអាការៈធ្ងន់ធ្ងរមានត្រឹម ៦៦១ករណី។
សូមបញ្ជាក់ថា តួលេខដ៏ច្រើនសន្ធឹកនេះគឺកើតឡើងក្នុងបរិការណ៍ដែលកូរ៉េខាងត្បូងបានអនុវត្តគន្លងប្រក្រតីភាពថ្មីរយៈពេលជាង១ខែមកហើយ ដែលក្នុងនោះដែរ គេឃើញថាដោយសារតែស្ថានភាពមិនទាន់ធូរស្បើយ និងមានភាពកាន់តែធ្ងន់ធ្ងរទៅនៃករណីឆ្លងកូវីដនេះ គន្លងប្រក្រតីភាពថ្មីនៅកូរ៉េខាងត្បូងដែលកំពុងអនុវត្តបច្ចុប្បន្ននេះ នឹងមិនទាន់ត្រូវគេអនុញ្ញាតឱ្យឈានជើងចូលដល់ដំណាក់កាលទី២នោះទេ ដែលពីដំបូងឡើយគេគ្រោងនឹងចាប់ផ្តើមអនុវត្តពីខែធ្នូខាងមុខនេះ៕SP