ប្រធានាធិបតីអាមេរិក អះអាងថា វីរុសកូវីដ-១៩ បំប្លែងថ្មី “Omicron” នឹងលេចឡើងនៅក្នុងសហរដ្ឋអាមេរិកនាពេលឆាប់ៗនេះ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយនៅឯសេតវិមានថា វីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង នឹងបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិកនាពេលឆាប់ៗខាងមុខនេះ ឬនៅពេលណាមួយ។ នេះបើយោងតាមការចុះផ្សារដោយទីភ្នាក់សារព័ត៌មាន CGTN នៅថ្ងៃទី ៣០ វិចិ្ឆកា ២០២១៕
លោក បៃដិន បាននិយាយថា មិនយូរមិនឆាប់… យើងនឹងឃើញករណីនៃវីរុសបំប្លែងថ្មីនេះនៅទីនេះនៅក្នុងសហរដ្ឋអាមេរិក… យើងនឹងត្រូវប្រឈមមុខនឹងការគំរាមកំហែងថ្មីនេះ ដូចដែលយើងប្រឈមមុខនឹងវីរុសដែលបានមកមុនវា។ លោក បៃដិន បន្ថែមថា មេរោគ អូមីក្រុង ថ្មី គឺជាមូលហេតុនៃការព្រួយបារម្ភ… តែមិនមែនជាមូលហេតុនៃការភ័យស្លន់ស្លោទេ ហើយលោកបានប្រាប់អ្នកយកព័ត៌មានថា ការបិទប្រទេសមិនមែនជាជម្រើសសម្រាប់ពេលនេះទេ។
វីរុសបំប្លែងថ្មី អូមីក្រុង អាចនឹងពន្លឿនការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងទីផ្សារការងាររបស់សហរដ្ឋអាមេរិក និងបង្កើនភាពមិនច្បាស់លាស់ ទាក់ទងនឹងអតិផរណា ខណៈដែលប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell បានសរសេរនៅក្នុងសក្ខីកម្មដែលត្រៀមរួចជាស្រេច ដែលលោកគ្រោងនឹងប្រគល់ជូនគណៈកម្មាធិការព្រឹទ្ធសភា ស្តីពីកិច្ចការធនាគារ លំនៅដ្ឋាន និងទីក្រុង នៅថ្ងៃអង្គារសប្តាហ៍នេះ។
ជាមួយគ្នានេះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកក៏បានពង្រឹងការណែនាំសម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញផងដែរ ដោយកត់សម្គាល់ថា មនុស្សពេញវ័យទាំងអស់គួរតែទទួលបានការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ៦ខែបន្ទាប់ពីការចាក់វ៉ាក់សាំងលើកទីពីរ ។