(មីយ៉ាន់ម៉ា)៖ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ក្រុមបាតុករដែលកំពុងតវ៉ាប្រឆាំង រដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ា បានធ្វើការរាំងសមត្ថកិច្ច មិនឲ្យចុះចាប់ខ្លួនសកម្មជនប្រឆាំងរដ្ឋប្រហារ ខណៈអង្គការសហប្រជាជាតិ (UN) បានទាមទារជាថ្មីម្តងទៀត ឲ្យយោធាមីយ៉ាន់ម៉ាដោះលែងលោកស្រី អោង សាន ស៊ូជី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា គិតចាប់តាំងពីរដ្ឋប្រហារផ្ទុះឡើង កាលពីថ្ងៃទី០១ ខែកុម្ភៈ ប៉ូលិសមីយ៉ាន់ម៉ាបានចុះចាប់ខ្លួន មន្ត្រី, វេជ្ជបណ្ឌិត និងសកម្មជនជាច្រើននាករួចមកហើយ ដោយសារតែពួកគេបានចូលរួម សកម្មភាពប្រឆាំង និងទាមទារឲ្យយោធាចុះចេញពីអំណាចវិញ។ កាលពីយប់ថ្ងៃសុក្រ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នាទាំងកណ្តាលយប់ នៅតាមទីក្រុងធំៗរបស់មីយ៉ាន់ម៉ា ជាពិសេសទីក្រុងរ៉ង់ហ្គូន ក្រោយមានពីមានចចាមអារ៉ាមចុះផ្សាយថា ប៉ូលិសនឹងធ្វើការចាប់ខ្លួន សកម្មជនប្រឆាំងបន្ថែមទៀត។

ជុំវិញបញ្ហាខាងលើនេះ សម័យប្រជុំបន្ទាន់មួយ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) នៅក្នុងទីក្រុងហ្សឺណែវ បានអំពាវនាវឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកដែលត្រូវបានជាប់ឃុំ និងប្រគល់អំណាចឲ្យរដ្ឋបាលនៃលោកស្រី អោង សាន ស៊ូជី វិញ។ អនុប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស UN លោកស្រី អាណាដា អាល់ អាហ្ស៊ីហ្វ (Nada al-Nashif) បានផ្ញើសារទៅប្រទេសមីយ៉ាន់ម៉ាថា «ពិភពលោកកំពុងតែឃ្លាំមើល ស្ថានការណ៍ដែលកំពុងកើតឡើងហើយ»។

បើតាមប្រភពមួយដែលទីភ្នាក់ងារព័ត៌មាន AP ទទួលបាន គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះមនុស្សជាង ៣២០នាក់ហើយត្រូវបានចាប់ខ្លួន បន្ទាប់ពីពីរដ្ឋប្រហារកើតឡើង។ នៅក្នុងសប្តាហ៍នេះដែរ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ មីន អោង ហ្លេង បានបញ្ជាឲ្យមន្ត្រីនានា ចូលមកបម្រើការងារជាធម្មតាវិញ ព្រោះអង្គភាពពិសេសមួយត្រូវបានបង្កើតឡើងហើយ ដើម្បីតាមដានរកមន្ត្រីណា ដែលទៅចូលរួមធ្វើបាតុកម្ម។

គួរបញ្ជាក់ថា គិតចាប់តាំងពីការកើតមានរដ្ឋប្រហារអស់រយៈពេល ១៣ថ្ងៃមកនេះ លោកស្រី អោង សាន ស៊ូជី និងថ្នាក់ដឹកនាំរដ្ឋាភិបាលមុនជាច្រើនរូបទៀត នៅតែមិនទាន់មាននរណាដឹងថា កំពុងស្ថិតនៅទីណាឡើយ ខណៈព័ត៌មានពីអាជ្ញាធរមីយ៉ាន់ម៉ា បានត្រឹមបញ្ជាក់ថាអ្នកទាំងឡាយនោះ កំពុងស្ថិតក្នុងការឃុំខ្លួនក្នុងលំនៅឋាន និងមានសុខភាពល្អជាធម្មតា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ