ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំស្តីពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនាសប្តាហ៍ក្រោយនេះ
បរទេស៖ ប្រភពការទូតត្រូវបានគេដកស្រង់ចេញផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) គ្រោងរៀបចំកិច្ចប្រជុំបិទទ្វារនៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ក្នុងគោលបំណងពិភាក្សាអំពីការបាញ់តេស្តនូវអ្វីដែលកូរ៉េខាងជើងនិយាយថា ជាមីស៊ីលលឿនជាងសំឡេង។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០៧ មករា ២០២២៕
បើតាមប្រភពខាងលើ កិច្ចប្រជុំនេះត្រូវបានស្នើដោយសហរដ្ឋអាមេរិក បារាំង និង អង់គ្លេសដែលជាសមាជិកអចិន្ត្រៃយ៍៣ ក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខ រួមជាមួយអៀរឡង់ និងអាល់បានី។ អ្នកការទូតម្នាក់បាននិយាយថា គ្មានសេចក្តីថ្លែងការណ៍រួមណាមួយរំពឹងចេញ ក្រោយកិច្ចប្រជុំនៅថ្ងៃចន្ទដើមសប្តាហ៍នេះឡើយ បើទោះបីជាប្រភពមួយទៀតបានបន្ថែមថា សេចក្តីថ្លែងការណ៍ទំនងជាត្រូវចេញនៅមុន ឬក្រោយការប្រជុំក៏ដោយ។
គួរបញ្ជាក់ថា អាមេរិក ជប៉ុន និងកាណាដា បានស្ថិតក្នុងចំណោមប្រទេសដែលថ្កោលទោសការបាញ់មីស៊ីលចុងក្រោយនេះរបស់កូរ៉េខាងជើង កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយបញ្ជាក់ថា កូរ៉េខាងជើងបានរំលោភលើសេចក្តីសម្រេចចិត្តជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងគំរាមកំហែងដល់សុវត្ថិភាពនៅក្នុងតំបន់ ក៏ដូចជាសហគមន៍អន្តរជាតិ៕ RT