ប្រព័ន្ធមីស៊ីលបញ្ជូនតាមផ្លូវដែកថ្មីរបស់កូរ៉េខាងជើងដើម្បីធ្វើការវាយប្រហារទៅលើ កងកម្លាំងដែលគំរាមកំហែងប្រទេស
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់កាលពីថ្ងៃពុធ គឺជាការសាកល្បងប្រព័ន្ធមីស៊ីលឆ្លងតាមផ្លូវដែកថ្មី ដែលត្រូវបានរចនាឡើងដើម្បីជាការប្រឆាំងតបតដ៏មានសក្តានុពលចំពោះកងកម្លាំងណាដែលគំរាមកំហែងដល់ប្រទេសនេះ។
KCNA បាននិយាយថា មីស៊ីលទាំងនោះបានហោះចម្ងាយ ៨០០ គីឡូម៉ែត្រ (៤៩៧ ម៉ាយល៍) មុនពេលវាយប្រហារគោលដៅមួយនៅសមុទ្រនៅឆ្នេរសមុទ្រខាងកើតរបស់កូរ៉េខាងជើង។
កាលពីថ្ងៃពុធ អាជ្ញាធរកូរ៉េខាងត្បូងនិងជប៉ុន បាននិយាយថា ពួកគេបានរកឃើញការបាញ់បង្ហោះមីស៊ីលផ្លោងពីរគ្រាប់ពីប្រទេសកូរ៉េខាងជើង គ្រាន់តែប៉ុន្មានថ្ងៃបន្ទាប់ពីគេបានសាកល្បងមីស៊ីលផ្លោងដែលក្រុមអ្នកវិភាគនិយាយថា អាចមានសមត្ថភាពនុយក្លេអ៊ែរ។
យ៉ាងណាម៉ិញ ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងបានកើតឡើងនៅថ្ងៃតែមួយដែលកូរ៉េខាងត្បូងបានសាកល្បងមីស៊ីលផ្លោងដែលបាញ់ចេញពីនាវាមុជទឹកដោយក្លាយជាប្រទេសដំបូងគេដែលគ្មានអាវុធនុយក្លេអ៊ែរដែលបង្កើតប្រព័ន្ធបែបនេះ។
ជាក់ស្តែង កូរ៉េទាំងពីរបានស្ថិតនៅក្នុងការប្រកួតប្រជែងសព្វាវុធដែលកាន់តែក្តៅគគុក ដោយភាគីទាំងពីរបានបង្ហាញមីស៊ីលដែលមានសមត្ថភាពនិងអាវុធផ្សេងទៀត។
តួយ៉ាង របាយការណ៍ KCNA បាននិយាយថា ការសាកល្បងរបស់កូរ៉េខាងជើងត្រូវបានធ្វើឡើងដោយមីស៊ីលដែលដឹកតាមផ្លូវដែក ដែលត្រូវបានរៀបចំឡើងកាលពីដើមឆ្នាំនេះ។
ប្រព័ន្ធមីស៊ីលដែលដឹកតាមផ្លូវដែកបម្រើជាការប្រឆាំងតបតដ៏មានប្រសិទ្ធភាពដែលមានសមត្ថភាពដោះស្រាយការវាយលុកដ៏ខ្លាំងក្លារួមគ្នាចំពោះកងកម្លាំងដែលបង្កការគំរាកំហែង។
គួររំលឹកថា គណបក្សពលករកូរ៉េកំពុងកាន់អំណាចដែលជាអ្នកត្រួតពិនិត្យការធ្វើតេស្តនេះ។ NR