សេអ៊ូល៖ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃពុធនេះថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ប៉ុន្មានថ្ងៃបន្ទាប់ពីការធ្វើតេស្តមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ។
យ៉ាងណាម៉ិញ ឆ្មាំសមុទ្រជប៉ុនក៏បាននិយាយដែរថា វត្ថុមួយដែលអាចជាមីស៊ីលផ្លោងត្រូវបានបាញ់ចេញពីប្រទេសកូរ៉េខាងជើង។ ប៉ុន្តែ ទាំងយោធាកូរ៉េខាងត្បូងនិងឆ្មាំសមុទ្រជប៉ុន មិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។
ការបាញ់បង្ហោះនេះបានកើតឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនបានសាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយថ្មីមួយកាលពីចុងសប្តាហ៍មុន ដោយហៅវាថា ជាអាវុធយុទ្ធសាស្ត្រដែលមានសារៈសំខាន់យ៉ាងខ្លាំង។ ជាងនេះទៅទៀត ក្រុមអ្នកវិភាគនិយាយថា មីស៊ីលនេះអាចជាអាវុធដំបូងគេរបស់ប្រទេសដែលមានសមត្ថភាពនុយក្លេអ៊ែរ។
គួររំលឹកថា ទីក្រុងព្យុងយ៉ាងកំពុងអភិវឌ្ឍន៍កម្មវិធីអាវុធរបស់ខ្លួនឥតឈប់ឈរចំពេលមានភាពជាប់គាំងជុំវិញកិច្ចពិភាក្សាដែលមានគោលបំណងរុះរើកម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោង ដើម្បីជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មរបស់អាមេរិក ហើយការចរចារបានជាប់គាំងតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ NR