ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា កងទ័ពជើងទឹករបស់ប្រទេសលោកនឹងចាប់ផ្តើមដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេងនៅឆ្នាំក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK។

ការប្រកាសខាងលើនេះរបស់លោក ពូទីន ត្រូវបានធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក និងចិនក៏កំពុងអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ ខណៈកូរ៉េខាងជើងក៏បាននិយាយដែរថា បានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ក្នុងខែកញ្ញាកន្លងទៅ។ 

លោក ពូទីន បានប្រកាសប្រាប់មន្ត្រីការពារជាតិកំពូលនៅទីក្រុងសូឈី ថា ការសាកល្បងកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេង ហ្សឺខុន (Zircon) កាន់តែខិតជិតមកដល់ហើយ ហើយដោយលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍន៍ និងណែនាំបច្ចេកវិទ្យាសម្រាប់សព្វាវុធថ្មីៗដែលមានសមត្ថភាពទប់ទល់នឹងការគំរាមកំហែងផ្នែកយោធាពីសត្រូវបរទេស។

យ៉ាងណាមិញ កាលពីខែតុលាកន្លងទៅ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ចេញវីដេអូការបាញ់សាកល្បងដោយជោគជ័យ នៃមីស៊ីលល្បឿនលឿនជាងសំឡេងពីនាវាមុជទឹក។

ទន្ទឹមនេះ លោក ពូទីន បញ្ជាក់ថា មីស៊ីលនេះហោះក្នុងល្បឿនលឿនជាងសំឡេងច្រើនជាង ៥ដង។ មីស៊ីលទាំងនេះត្រូវបានគេរាយការណ៍ថា ពិបាកស្ទាក់ចាប់ ព្រោះវាអាចផ្លាស់ប្តូរគន្លងនៅក្នុងការហោះហើរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ