អង់គ្លេស ត្រៀមបញ្ជូនយានបាញ់មីស៊ីលពិសេសប្រភេទ Stormer និង Starstreak សម្រាប់កងកម្លាំងអ៊ុយក្រែន ដើម្បីបង្រ្កាបការវាយលុកតាមផ្លូវអាកាស ពីកម្លាំងទាហានរបស់រុស្ស៊ី
ក្រុងគៀវ៖ ដើម្បីបញ្ឈប់សកម្មភាពយោធារបស់រុស្ស៊ី ដែលកំពុងតែចាប់ផ្ដើម វាយប្រហារទ្រង់ទ្រាយធំ ឈានចូលដល់ដំណាក់កាលពី២ នៅភាគខាងកើត ប្រទេសអ៊ុយក្រែន នោះ ចក្រភពអង់គ្លេស កំពុងតែបញ្ជូនរថពាសដែកបាញ់មីស៊ីល ប្រឆាំងនឹងយន្ដហោះចម្បាំងទៅជួយដល់រដ្ឋាភិបាលក្រុងគៀវ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Eurasian Times នៅថ្ងៃទី២២ មេសា ២០២២។
ផែនការរបស់ចក្រភពអង់គ្លេស ត្រូវបញ្ជូនរថពាសដែកបាញ់មីស៊ីល ប្រភេទ Stormer សម្រាប់កងកម្លាំងអ៊ុយក្រែន ដើម្បីបង្រ្កាបការវាយលុកតាមផ្លូវអាកាស ពីកម្លាំងទាហានរបស់រុស្ស៊ី។ ដោយឡែក មីស៊ីលស្ដារស្ទ្រីក (Starstreak) ត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែន កាលពីពេលមុន ហើយមីស៊ីលទាំងនោះ ក៏អាចបំពាក់ ឬបាញ់ចេញពីលើយានបាញ់មីស៊ីលទាំងនេះ សម្រាប់វាយប្រហារ ប្រឆាំងនឹងយន្តហោះចម្បាំងរបស់រុស្ស៊ី ផងដែរ។
ចក្រភពអង់គ្លេស កាលពីពេលកន្លងទៅនេះ បានបញ្ជូនមីស៊ីលស្ដារស្ទ្រីក (Strarstreak) ជាច្រើន ទៅជួយដល់ប្រទេសអ៊ុយក្រែន។ ប៉ុន្ដែរហូតមកដល់ពេលនេះ ក៏មានសេចក្ដីរាយការណ៍ថា មីស៊ីលប្រភេទនេះ បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់រុស្ស៊ី ហើយមីស៊ីលទាំងនេះ ក៏អាចបំពាក់ បាញ់ចេញពីលើយានទាំងនេះបានដែរ។
ក្រសួងការពារជាតិចក្រភពអង់គ្លេស បានបង្ហាញមីស៊ីលល្បឿនលឿន បាញ់ចេញពីលើរថពាសដែក Stormer សម្រាប់ជួយដល់អ៊ុយក្រែន។ រថពាសដែកប្រភេទនេះ មានទម្ងន់១៣តោន ហើយវាមានលក្ខណៈដូចគ្នានឹងរថក្រោះ ទើបអង់គ្លេសប្រញាប់ប្រញាល់ បញ្ជូនទៅជួយអ៊ុយក្រែន សម្រាប់ទប់ទល់នឹងសង្រ្គាមបង្កឡើងដោយរុស្ស៊ី ហើយត្រូវបានដឹកជញ្ជូន តាមយន្តហោះយោធា ប្រភេទ C-17៕RT