អន្តរជាតិ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន(Kim Jong Un) បានអំពាវនាវឱ្យយោធាត្រៀមខ្លួនសម្រាប់ការបង្កហេតុណាមួយពីសត្រូវ ជាពិសេស ក្រោយការបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីថ្ងៃអង្គារសប្ដាហ៍មុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០១ ធ្នូ ២០២៣។

ដោយប្រយ័ត្នប្រយែងចំពោះសត្រូវ ក្រុងព្យុងយ៉ាងបានប្ដេជ្ញាពង្រាយកម្លាំងប្រដាប់អាវុធ និងសព្វាវុធជាច្រើននៅព្រំដែនរបស់ខ្លួនជាមួយខាងត្បូង។ មួយថ្ងៃមុន លោក Kim បានចុះពិនិត្យ ទីបញ្ជាការកងទ័ពអាកាស ហើយបានដាក់ចេញនូវគោលការណ៍ណែនាំយុទ្ធសាស្ត្រប្រតិបត្តិការ ដើម្បីបង្កើនការត្រៀនកម្លាំង និងសមត្ថភាពធ្វើសង្គ្រាមរបស់យោធា។

លោក Kim បានវាយតម្លៃខ្ពស់ចំពោះការត្រៀមខ្លួនដ៏តានតឹងរបស់អ្នកបើកយន្តហោះក្នុងការអនុវត្តបេសកកម្មប្រយុទ្ធតាមផ្លូវអាកាសដោយគ្មានបញ្ហា ដែលមិនត្រូវឲ្យការមិនពេញចិត្តណាមួយកើតឡើងជាដាច់ខាត។

ជំហរបង្កហេតុរបស់លោក Kim កើតមានប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើងចំពោះការបាញ់បង្ហោះផ្កាយរណបចារកម្ម។ សហរដ្ឋអាមេរិកបានថ្កោលទោសម្តងហើយម្តងទៀតចំពោះការបាញ់បង្ហោះផ្កាយរណបចារកម្ម ម៉ាលីយ៉ុង ១ "Malligyong-1" ដោយហៅការបាញ់នេះ ថាជាការបំពានដ៏ធ្ងន់ធ្ងរ លើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងដាក់ទណ្ឌកម្ម ដោយមានការសម្របសម្រួលជាមួយអូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង លើក្រុមចារកម្មអ៊ីនធឺណេត គីមស៊ូគី (Kimsuky) ដោយចោទប្រកាន់ថាប្រទេសឯកោមួយនេះ បានប្រមូលព័ត៌មានសម្ងាត់ដើម្បីគាំទ្រមហិច្ឆតាយុទ្ធសាស្ត្រ និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ