ហ្ស៊េរុយសាឡឹម៖ នាយករដ្ឋមន្ដ្រីអ៊ីស្រាអែល លោក Netanyahu បានថ្លែងថា អ៊ីស្រាអែលត្រៀមលក្ខណៈរួចជាស្រេច ក្នុងការធ្វើសង្គ្រាមជើងគោក ជាមួយក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា ប៉ុន្ដែពុំបានបញ្ជាក់ពីកាលបរិច្ឆេទលម្អិតនៃការវាយលុកនេះឡើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២៦ តុលា ២០២៣។

ទោះបីជាមានការអំពាវនាវឱ្យមានបទឈប់បាញ់ពីសំណាក់សហគមន៍អន្ដរជាតិយ៉ាងណាក៏ដោយ មេដឹកនាំអ៊ីស្រាអែលរូបនេះ បានថ្លែងថា ប្រជាជនអ៊ីស្រាអែលនៅតែខឹងសម្បារចំពោះការពិឃាតដោយឥតមេត្តា របស់ក្រុមហាម៉ាស់។ អ៊ីស្រាអែលកំពុងស្ថិតនៅក្នុងសង្គ្រាមដើម្បីអាយុជីវិតរបស់ខ្លួន ហើយអ៊ីស្រាអែលនឹងជាអ្នកសម្រេចថា គួរធ្វើយ៉ាងណាជាមួយសង្គ្រាម បែបណាទៀត ប្រឆាំងក្រុមហាម៉ាស់នេះ។

សហរដ្ឋអាមេរិក ក៏ដូចជា មហាអំណាចនានា បានអំពាវនាវឱ្យមានអ៊ីស្រាអែល ផ្អាកការទម្លាក់គ្រាប់បែក ដើម្បីដឹកជញ្ជូនជំនួយមនុស្សធម៌ ទៅកាន់ប្រជាជនក្នុងតំបន់ហ្កាហ្សា ដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀង ទឹកស្អាត និងថ្នាំពេទ្យជាដើម ហើយក៏ស្នើសុំឱ្យអ៊ីស្រាអែល បញ្ឈប់ការកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងឥន្ធនៈផងដែរ។

គួររម្លឹកថា ក្រុមហាម៉ាស់ជាច្រើននាក់បានវាយលុកចូលអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា និងសម្លាប់ប្រជាជនស៊ីវិលប្រមាណ ១,៤០០នាក់ និងចាប់ខ្លួនមនុស្ស ២២២នាក់ផ្សេងទៀត។ ការណ៍នេះបានធ្វើឱ្យរដ្ឋាភិបាលអ៊ីស្រាអែលសម្រេចសងសឹកនឹងក្រុមហាម៉ាស់ ដោយការទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ទៅលើតំបន់ហ្កាហ្សាដែលសម្លាប់ប្រជាជនប៉ាឡេស្ទីនជាច្រើនពាន់នាក់ និងបិទខ្ទប់តំបន់នេះផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ