ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ីត្រៀមខ្លួនជាស្រេច ដើម្បីជួយដោះស្រាយវិបត្តិជនចំណាកស្រុកនៅតាមព្រំដែនប៉ូឡូញ និងបេឡារុស។ នេះបើយោងតាមការចុះផ្សារដោយទីភ្នាក់សារព័ត៌មាន CGTN

លោក Peskov បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា រុស្ស៊ីនឹងបំពេញតួនាទីជា “អ្នកសម្របសម្រួល” ក្នុងការចរចានេះ។ ទន្ទឹមនោះ លោកក៏បានបដិសេធការអះអាងរបស់សហរដ្ឋអាមេរិកអំពីការចូលរួមរបស់រុស្ស៊ី ក្នុងការបង្កើនភាពតានតឹង និងការប្រើប្រាស់ស្ថានភាពដើម្បីបង្វែរការយកចិត្តទុកដាក់ពីស្ថានភាពនៅអ៊ុយក្រែនផងដែរ។ លោក Peskov ក៏បានអះអាងដែរថា វាជារឿងខុសដែលគ្មានមូលដ្ឋាន ក្នុងការស្តីបន្ទោសប្រធានាធិបតីបេឡារុសលោក អាឡិចសាន់ឌឺ លូកាឈិនកូ ចំពោះបញ្ហានេះ។ 

បន្ថែមលើនេះ លោក Peskov ក៏បានរិះគន់ប្រទេសលោកខាងលិចចំពោះការព្រងើយកន្តើយចំពោះផ្នែកមនុស្សធម៌នៃបញ្ហានេះ ដោយបានបិទភ្នែកមើលជនភៀសខ្លួនរាប់ពាន់នាក់ ដែលឥឡូវនេះកំពុងព្យាយាមរស់រានមានជីវិតក្រោមអាកាសធាតុត្រជាក់។

គួរបញ្ជាក់ថា ចាប់តាំងពីដើមខែនេះ ជនភៀសខ្លួនរាប់ពាន់នាក់មកពីមជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀតបានមកដល់ព្រំដែនប្រទេសបេឡារុស ក្នុងការប៉ន់ប៉ងចូលទៅកាន់ប្រទេសប៉ូឡូញ និងបន្ទាប់មកប្រទេសអាល្លឺម៉ង់ ដើម្បីស្វែងរកសិទ្ធិជ្រកកោន។ ប៉ូឡូញបានដាក់កងទ័ពឱ្យប្រុងប្រយ័ត្នខ្ពស់តាមបណ្តោយព្រំដែន។ ភាពតានតឹងស្រដៀងគ្នានេះក៏លេចឡើងនៅតាមព្រំដែនបេឡារុស-ឡាតវី និងបេឡារុស-លីទុយអានីផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ