អឺរ៉ុប៖ Manchester United បានបោះជំហានទៅមុខ ក្នុងការឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយទទួលជ័យជម្នះ ០-២ ក្នុងការប្រកួតទល់នឹង Granada នៅជើងទី១វគ្គ៨ក្រុមចុងក្រោយ UEFA Europa League។

ខ្សែប្រយុទ្ធ Marcus Rashford បានរកគ្រាប់បាល់នាំមុខឱ្យក្រុមលោក Ole Gunnar Solskjaer ក្រោយទទួលបានបាល់វែងដែលបញ្ជូនដោយខ្សែការពារ Victor Lindelof ហើយបានស៊ុតចូលផុតដៃអ្នកចាំទី Rui Silva។

យ៉ាងណាមិញ បិសាចក្រហមបានបន្ដការរកគ្រាប់បាល់នាំមុខដោយ ខ្សែបម្រើ Bruno Fernandes ស៊ុតប៉េណាល់ទីបានសម្រេច ក្រោយពេល Yan Brice បង្កកំហុសលើកីឡាករជនជាតិព័រទុយហ្កាល់រូបនេះនៅប្រអប់គ្រោះថ្នាក់។

គួរបញ្ជាក់ថា នៅជើងទី២ការប្រកួតនឹងធ្វើឡើងនៅ Old Trafford សប្ដាហ៍ក្រោយ ដោយអ្នកដែលឈ្នះក្នុងលទ្ធផលសរុប នឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលជួបអ្នកឈ្នះរវាង Ajax ឬ Roma៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ