អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកសរសើរការធ្វើសមយុទ្ធដ៏ធំរបស់កងនាវាប៉ាស៊ីហ្វិករបស់ប្រទេសរុស្ស៊ីនៅឯតំបន់ចុងបូព៌ា ហើយថា កងទ័ពជើងទឹករុស្ស៊ីពិតជាអាចទប់ទល់ក្នុងជម្លោះគ្រប់ទីកន្លែង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃ ទី១៨ ខែមេសា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ ស៊យហ្គូ បានប្រាប់លោក ពូទីន អំពីការធ្វើសមយុទ្ធដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ក្នុងនោះមានការចូលរួមពីកងទ័ពជើងទឹកជាង ២៥,០០០នាក់ នាវា ១៦៧គ្រឿង និងយន្តហោះ ៨៩គ្រឿង រួមទាំងយន្តហោះចម្បាំងផងដែរ។ លោកថា យោធារុស្ស៊ីក៏នឹងអនុវត្តការបាញ់មីស៊ីលចាប់ពីថ្ងៃទី១៨ ខែមេសានេះផងដែរ។
យ៉ាងណាមិញ លោក ពូទីន បានបង្ហាញពីការតាំងចិត្តក្នុងការបន្តប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន ដោយបានសង្កត់ធ្ងន់ថា កងនាវាជើងទឹកមានសមត្ថភាពឆ្លើយតបទៅនឹងជម្លោះគ្រប់ទីកន្លែង៕